ពោត​បារាំង ឬ​ហៅ​ថា អូ​ក្រា ជាដំណាំមានប្រភពមកពីតំបន់អាហ្រ្វិកកណ្ដាល ប្រទេសអេត្យូពី​ វាជាប្រភេទបន្លែដែល​មាន​រសជាតិ​ឆ្ងាញ់ ។ គេ​និយម​ញ៉ាំ​វា​ទាំង​ស្រស់ និង​អាំង​ញ៉ាំ​ផ្ទាល់​តែម្តង ។ ពោត​បារាំង​មាន​ដើម​បែកមែក និង​មាន​កម្ពស់​ជាទូទៅ ១២០​សង់ទីម៉ែត្រ ឬ​អាច​ខ្ពស់​ជាង​នេះ តាម​ការថែទាំ ។ ស្លឹក​របស់​វា មាន​រាង​ដូច​ម្រាមដៃ​មនុស្ស ដែល​មាន​រាង​ឆែក ចាប់ពី ៥ ទៅ ៧ ។ ខាងក្រោម​នេះ ជា​វិធី​ដាំ​ដុះ​ពោត​បារាំង និង​វិធី​ថែទាំ ដើម្បី​ទទួលបាន​ផល​ច្រើន​…

​១/. ការរៀបចំ​ដាំ​ដុះ​៖
– ត្រៀម​ផើង​ដំណាំ​ដែលមាន​ទំហំ​ធំ​ល្មម ជាទូទៅ គួរ​រក​ផើង​ដែល​មាន​ជម្រៅ​ពី ២៥​ទៅ​៣០​សង់ទីម៉ែត្រ​
– ដី​ដែល​មាន​លាយ​ល្បាយ​ជីកំប៉ុស្ត​
– ជ្រើសរើស​គ្រាប់ពូជ​ពោត​បារាំង ដែល​ធំ ថ្លោស និង​មាន​សុខភាព​ល្អ​
– មុន​ដាំ​មួយថ្ងៃ ត្រូវ​យក​គ្រាប់​ពូជ​ពោត​បារាំង​ទៅ​ត្រាំ​ទឹក​ទុក​មួយ​យប់

​២/. ការដាំដុះ​៖
– ចាក់​ដី​ចូល​ក្នុង​ផើង​ដំណាំ​ឱ្យ​ពេញ ហើយ​ស្រោច​ទឹក​ឱ្យ​ជោគ​
– ដាក់​កប់​គ្រាប់ពូជ ក្នុង​មួយ​រណ្តៅ​១​គ្រាប់ ក្នុង​ជម្រៅ​មួយ​ថ្នាំងដៃ​
– ស្រោច​ទឹក​មួយ​ថ្ងៃ​ពីរដង (​ព្រឹក​ម្តង ល្ងាច​ម្តង​)
– រក្សាទុក​ផើង​ដំណាំ នៅ​ទីតាំង​ដែល​មាន​ពន្លឺព្រះអាទិត្យ​ពេញលេញ យ៉ាងហោចណាស់ ដំណាំ​អាច​ទទួលបាន​ពន្លឺ​និង​កម្តៅ​ព្រះអាទិត្យ​ពី ៥ ទៅ ៦​ម៉ោង​ក្នុង​មួយថ្ងៃ​

​៣/. ការថែទាំ​៖
– ដំណាំ​នេះ មិន​ត្រូវ​ការថែទាំ​ច្រើន​នោះទេ​
– នៅ​ពេល​កូន​ពោត​បារាំង​ធំ​លូតលាស់ នៅក្នុង​ខែវស្សា​យើង​អាច​ស្រោច​ទឹក​មួយ​សប្តាហ៍​ម្តង​បាន​ហើយ តែបើ​រដូវប្រាំង​ត្រូវ​ស្រោច​ញឹកញាប់ មួយ​ថ្ងៃ​ពីរ​ដង (​ព្រឹក​ម្តង ល្ងាច​ម្តង​)
– ដើម្បី​ទទួល​ផល​ច្រើន គឺ​យើង​ត្រូវ​ការប្រើ​ជីកំប៉ុស្ត​ធម្មជាតិ ដូចជា​ទឹកនោមគោ និង​លាមក​គោ លាយ​ច្របល់​ចូលគ្នា ហើយ​យក​ទៅ​ស្រោច​ក្បែរ​ដើម​ពោត​បារាំង​

​៤/. ការប្រមូល​ផល​៖
– ជាទូទៅ​ពោត​បារាំង​នឹង​ផ្តល់​ផល​ក្នុង​រយៈពេល​ពីរ​ខែ (៥០ ទៅ ៦០​ថ្ងៃ​)
– ពោត​បារាំង​នឹង​ចេញ​ផ្លែ ក្រោយ​ចេញ​ផ្កា ពី​៥​ទៅ​៧​ថ្ងៃ​​ ៕