ខេត្តកណ្តាល៖ បុរសម្នាក់បានបើករថយន្តបែនដឹកដី ដេញបុកបុរសម្នាក់ដែលកំពុងជិះម៉ូតូប៉ងសម្លាប់ចោល ដោយសង្ស័យថា បុរសនោះលួចមានសហាយសស្មន់ជាមួយប្រពន្ធខ្លួន។ ករណីនេះ បានកើតឡើងកាលឡើង កាលពីវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចទំនប់ស្រែអំពិលជាប់ប្រឡាយទឹកវរៈ៥ ស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ។ ដកហូតរថយន្ត១គ្រឿង ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣C-៣៣៤២ ប្រភេទបែនដឹកដី
ជនសង្ស័យដែលបើករថយន្តដេញបុកគេទាំងរស់នេះ មានឈ្មោះឆាយ សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរ បើករថយន្តដឹកដី ។
ចំណែក ជនរងគ្រោះ មានឈ្មោះ សូ រាប ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ-ឃុំកើតហេតុ មុខរបរកសិករ ។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុជនសង្ស័យបានប្រចណ្ឌប្រពន្ធខ្លួនជាមួយនឹងជនរងគ្រោះ ហើយតែងតែគម្រាមជនរងគ្រោះជារឿយៗ ។ រហូតដល់ថ្ងៃនិងវេលាកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ស្រាប់តែជនសង្ស័យបាន បើករថយន្តដឹកដីរបស់ខ្លួនដេញតាមបុកជនរងគ្រោះ ឃើញដូចនេះ ជនរងគ្រោះក៏បានជិះម៉ូតូផ្តួលខ្លួនចូលទៅវាលស្រែ ចំណែកជនសង្ស័យបានបើករថយន្តជ្រុលហួសទៅមុខ រួចជនសង្ស័យបានស្រែកឲ្យជនរងគ្រោះថា «កុំតែអ្ហែងជិះម៉ូតូចូលវាលស្រែទាន់កុំអីអញបុកអ្ហែង ឲ្យងាប់តែម្តង» ឮដូចនេះជនរងគ្រោះបានទុកម៉ូតូនៅវាលស្រែ រួចរត់មកឲ្យបងប្អូនជួយនឹងនាំមកប្តឹងនគរបាលប៉ុស្តិ៍ឈើទាល ។


ប្រភពបន្តថា ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកប៉ុស្តិ៍ដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន និងធ្លាប់ប្រើប្រាស់គ្រឿងញៀនទៀតផង ។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕