ព្រៃវែង៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងបានអញ្ជើញជាអធិបតីកាត់វិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ដែលធ្វើនៅវិទ្យាល័យព្រះអង្គឌួង ដែលមានបែក្ខជន បេក្ខនារី ប្រឡងចំនួន ២៥៣ នាក់ ស្រី ១៣៨ នាក់។

នៅក្នុងឱកាសនោះដែរឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមផ្ដាំផ្ញើដល់បេក្ខជន បេក្ខនារី ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបំពេញវិញ្ញាសារដែលគ្រូបានដាក់ឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានជ័យលាភី និងមិនត្រូវមើលប្រយ៉ុង ឬក៏ចម្លងពីគ្នានោះទេ នឹងត្រូវខិតខំធ្វើឲ្យអស់ពីលទ្ធភាព ដែលខ្លួនបានសិក្សាអស់រយៈពេលកន្លងមកដើម្បីក្លាយខ្លួនធ្វើជាមន្ត្រីរាជការបម្រើប្រទេសជាតិឲ្យមានការរីកចម្រើនដូចប្រទេស ជិតខាងនោះផងដែរ។

ឯកឧត្តម បានធ្វើការណែនាំដល់គណៈមេប្រយោគ និង អនុរក្ស តាមបន្ទប់ប្រឡងនីមួយៗត្រូវយកចិត្តទុកដាក់អនុវត្តន៍ ឲ្យបាននូវគោលការណ៍បទញ្ជាផ្ទៃក្នុងនានាក្នុងការប្រលង ដើម្បីធានាឲ្យការប្រឡងនេះទទួលបានលទ្ធផលល្អប្រកបដោយតម្លាភាព និង គុណភាព។

ឯកឧត្តមបានបន្តទៀតថា ការប្រឡងនេះគឺមានគោលបំណងដើម្បីពង្រឹងធនធានមនុស្ស និង សមត្ថភាព សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ដែលខ្លួនបានសិក្សាកន្លងមក ដើម្បីក្លាយខ្លួនទៅជាមន្ត្រីរាជការ។ ដូចពាក្យស្លោកថា បើចេះគឺជាប់។

សូមបញ្ជាក់ផងដែរថាការប្រលងនេះបែងចែកជាពីរផ្នែកមាន លេខារធិការដ្ឋបាល មានបេក្ខជន បេក្ខនារីចំនួន ១៥២ នាក់ និង ស្មៀនឃុំ សង្កាត់ បេក្ខជន បេក្ខនារីចំនួន ១០១ នាក់។