ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូកញ្ចាស់សល់តែគ្រោងឆ្អឹង១គ្រឿង កាលពីវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះជនរងគ្រោះភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ តែចំថ្ងៃស៊យ ប៉ះចំម៉ូតូមានភ្ជាប់ប្រព័ន្ធ GPS ក៏ត្រូវម្ចាស់ម៉ូតូនាំប៉ូលិសទៅក្របួចដល់ផ្ទះ។


ជនសង្ស័យជាចោរលួចម៉ូតូកញ្ចាស់សល់តែគ្រោងឆ្អឹង ប៉ះម៉ូតូមានភ្ជាប់ប្រព័ន្ធ GPS នេះ មានឈ្មោះ ហែល សុខហាក់ ភេទប្រុស អាយុ២៤ឆ្នាំ មានទី លំនៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ខេត្តកណ្តាល។ ចំណែក ជនរងគ្រោះ មានឈ្មោះស៊ីម ផេងហុង ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ ជាម្ចាស់ម៉ូតូ១គ្រឿងម៉ាក Honda wave C១១០ ពណ៌ខ្មៅ គ្មានផ្លាកលេខ ដែលជនសង្ស័យលួច។


សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះដែលចតទុកនៅមុខផ្ទះរបស់ខ្លួន ដោយមិនបានដកកូនសោរចេញ ហើយបានជិះគេចខ្លួនបាត់ទៅ។ លុះដល់ថ្ងៃទី១៩ ខែកញ្ញា ជនរងគ្រោះបានស្វែងរកម៉ូតូរបស់ខ្លួនតាមរយ:ប្រព័ន្ធ GPS ដែលបំពាក់ជាប់នឹងម៉ូតូរហូតដល់ផ្ទះជនសង្ស័យ ស្ថិតនៅភូមិព្រែកឡុង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចរាយការណ៍ជូននគរបាលប៉ុស្តិ៍រការខ្ពស់ ធ្វើអន្តរាគមន៍ចាប់ខ្លូនជនសង្ស័យរួមទាំងវត្ថុតាង។
ជនសង្ស័យត្រូវសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ។ រីឯម៉ូតូ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះជាម្ចាស់យកទៅប្រើប្រាស់វិញ៕