ខេត្តបាត់ដំបង៖ មន្ត្រីយោធាប្រចាំការយោធភូមិភាគទី៥ បានឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ថា កម្លាំងចម្រុះដែលមានអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋបានរកឃើញជនរងគ្រោះម្នាក់ហើយ ក្នុងចំណោមមនុស្សពីរនាក់ ដែលបានបាត់ខ្លួន ក្នុងករណីដីភ្នំបានក់សង្កត់ ពេលមេឃភ្លៀង នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។


លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ជនរងគ្រោះត្រូវបានរកឃើញនៅក្នុងទឹកដីថៃ ប្រមាណ២គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ថៃ ពោលគឺនៅមានជីវិត គ្រាន់តែរងរបួសបន្តិច ហើយពេលនេះ សមត្ថកិច្ច បាននាំមកសង្គ្រោះនៅមន្ទីរពេទ្យ និងជនរងគ្រោះម្នាក់ទៀត កម្លាំងសមត្ថកំពុងរុករកទៀត។


សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋខ្មែរចំនួន៧នាក់ បានចូលទៅក្នុងព្រៃ នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ហើយត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារបណ្តាលឱ្យដីភ្នំបាក់សង្កត់ ក្នុងនោះមានពលរដ្ឋ៤នាក់ បានរត់រួចខ្លួន ម្នាក់រងរបួសធ្ងន់ និង២នាក់បាត់ខ្លួនផងដែរ។ ក្រោយមកក្រុមគ្រួសារជនរគ្រោះទាំង២ បានស្វែងរកឃើញតែស្បែកជើងរបស់ជនរងគ្រោះ និងពោះវៀន ដែលធ្វើឲ្យក្រុមគ្រួសារកាន់តែបារម្ភពីសុវត្ថិភាពជនរងគ្រោះកាន់តែខ្លាំង៕