ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ទោះបី ម្ចាស់ក្សត្រីស៊ីសុវត្ថិ កុសុមៈ នារីរតន៍ សិរីវឌ្ឍនា ជាព្រះមាតាភ្ញាក់ស្រឡាំងកាំង និងរារាំងថា បុត្រចង់រៀបការជាមួយពង្សសានមុនី ? សូមបុត្រកុំគិតដល់ឲ្យសោះ ព្រោះនៅក្នុងព្រះបរមរាជវាំង នរណាក៏ដឹងថា ម្ដាយរបស់នាងបានបោកប្រាស់ព្រះមហាក្សត្រមុនីវង្ស ដ៏ល្អរបស់យើង ដោយលួចស្នេហាជាមួយបុត្រាបស់ព្រះអង្គ គឺទ្រង់មុនីរ៉េត ។ ដូច្នេះ ពង្សសានមុនី ក៏មិនមានស្វាមីភក្តិចំពោះបុត្រ ដូចម្តាយគេដែរ។ ពង្សសានមុនីនឹងបោកប្រាស់កូន បោកប្រាស់ព្រះមហាក្សត្រ ដែលជារូបបុត្រនេះ មិនខាន។
ជាមួយគ្នានេះ លោកហ្គោជេ ក៏បានប្រកាន់ជំហដាច់ខាតថា ទោះបីនៅក្នុងកាលៈទេសៈបែបណាក៏ដោយ ក៏ប្រទេសបាំរាំងប្រឆាំងដាច់ខាត ចំពោះការប៉ុនប៉ងរៀបអភិសេករបៀបនេះដែរ។

ព្រះមហាក្សត្រនរោត្តម សីហនុ និងព្រះមាតានិងបិតា

ទោះបីមានការរារាំងនិងកៀបសង្កត់ពីសំណាក់លោកហ្គោជេ (Gauthier) ទេសាភិបាលជាន់ខ្ពស់បារាំង ដែលទើបមកគ្រប់គ្រងប្រទេសកម្ពុជាថ្មីៗ និងព្រះមាតាបិតាយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចធ្វើឲ្យព្រះអង្គកាត់ព្រះទ័យបោះបង់សេចក្តីស្នេហាទៅលើម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី បានដែរ ។ ព្រះអង្គសម្រេចព្រះទ័យជាស្រេចហើយថា នឹងធ្វើតាមគំរូស្តេចអង់គ្លេស ព្រះនាមអេឌូអាដ៍ ទី៨(Edouard 8) ដែលកាលពី៦ឆ្នាំមុន ព្រះអង្គសុខចិត្តចុះចេញពីរាជសម្បត្តិ ដើម្បីទៅរៀបការជាមួយស្រីជនជាតិអាមេរិកម្នាក់ឈ្មោះសាំសុន ដែលជាមេម៉ាយលែងប្តី២ដងទៅហើយនោះ ធ្វើជាភរិយាទាល់តែបាន។

ព្រះមហាក្សត្រនរោត្តម សីហនុ​ ជាមួយមន្ត្រីជាន់ខ្ពស់បារាំង

ព្រះអង្គបានយកគំរោងការនេះទៅសុំព្រះរាជតម្រិះពីព្រះមាតាបិតា ប៉ុន្តែត្រូវបានព្រះមាតាស៊ីសុវត្ថិ កុសុមៈ នារីរតន៍ សិរីវឌ្ឍនា មានបន្ទូលលើកហេតុផលថា បើបុត្រាធ្វើដូចស្តេចអង់គ្លេស អេឌូអាដ៍ទី៨ នោះមែន ប្រជារាស្ត្រប្រាកដជានាំគ្នាសើចចំអកជាមិនខាន ហើយរាជវង្សានុវង្សនៅលើពិភពលោកយើងនេះ គេនឹងតិះដៀលជាក់ជាមិនខាន។ តែព្រះមហាក្សត្រនរោត្តម សីហនុ មានបន្ទូលលើកហេតុផលទៅព្រះមាតាវិញថា គេមិនអាចយកពង្សសានមុនី ទៅប្រៀបធៀបជាមួយអ្នកស្រីសាំសុន នោះបានទេ ព្រោះព្រះនាងមានលោហិតជារាជវង្ស ហើយជាស្ត្រីព្រហ្មចារីបរិសុទ្ធទៀត មុននឹងប្រគល់សេចក្តីស្នេហាថ្វាយព្រះអង្គ។

ព្រះមហាក្សត្រនរោត្តម សីហនុ

ព្រះមាតាកុសុមៈ នារីរតន៍ សិរីវឌ្ឍនា បានលើកហេតុផលបន្ថែមទៀតថា រាល់សកម្មភាពរបស់ព្រះមហាក្សត្រគ្រប់បែបយ៉ាង ទោះបីចំណាយពេលមិនសូវប្រកបដោយកិត្តិយស ដូចជាការស្វះស្វែងរកភាពត្រេកត្រអាល និងខ្ជីខ្ជាក្នុងកិច្ចការរដ្ឋ ក៏ត្រូវពួកប្រវត្តវិទូចារទុកក្នុងក្រាំងប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រ ដែរ។ ព្រះមាតាបានអង្វរព្រះមហាក្សត្រជាបុត្រាផងដែរថា ស្តាប់មាតាណាបុត្រ ! ថ្ងៃណាមួយ បើកូនសម្រេចដាក់រាជ្យ ដោយសារតែមិនបានសម្រេចពីរឿងទាមទារឯករាជ្យឲ្យប្រទេសជាតិនោះ ប្រជារាស្ត្រខ្មែរ និងពិភពលោកខាងក្រៅ គេនឹងគោរពកោតសរសើរចំពោះបុត្រ តែបើបុត្រសម្រេចព្រះទ័យបោះបង់ចោលព្រះរាជបល្ល័ង្ក ដើម្បីតែស្រីម្នាក់ ទោះបីស្រីនោះជាស្រីបរិសុទ្ធព្រហ្មចារីក៏ដោយ ក៏ជាការអាម៉ាស់មួយដែលមាតា និងបិតាមិនអាចទ្រាំទ្របានឡើយ ហើយទង្វើនេះក៏ជាការប្រមាថមួយយ៉ាងធ្ងន់ធ្ងរ ចំពោះប្រជារាស្ត្រដែលខំស្រឡាញ់និងគាំទ្របុត្រ ផងដែរ។

ម្ចាស់ក្សត្រីស៊ីសុវិត្ថ ពង្សសានមុនី ពេលចូលវ័យ ៣៩ឆ្នាំ (ថតឆ្នាំ ១៩៦៨)

ហេតុផលទាំងឡាយ ដែលព្រះមាតាកុសុមៈ នារីរតន៍ សិរីវឌ្ឍនា បានលើកឡើងខាងលើនេះ ធ្វើឲ្យព្រះមហាក្សត្រត្រកប់ព្រះរាជតម្រិះ និងបានដូរព្រះទ័យលែងចង់ដាក់រាជសម្បត្តិ ដើម្បីរៀបអភិសេកជាមួយម្ចាស់ក្សត្រីស៊ីសុវិត្ថ ពង្សសានមុនី វិញ។ ប៉ុន្តែសេចក្តីស្នេហារវាងព្រះអង្គ និងម្ចាស់ក្សត្រីស៊ីសុវិត្ថ ពង្សសានមុនី នោះ នៅតែលួចបន្តក្រៅផ្លូវការទៀតដដែល៕