រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ ដែល​ជា​ពិធី​ព្រះពុទ្ធ​សាសនា​ដ៏​សំខាន់​មួយ បែរជា​ នៅថ្ងៃកាន់បិណ្ឌទី៦នេះ មាន​អ្នក​ភូមិ​ម្នាក់ ​បានប្រគេន​ស្រា​បៀរ​កំប៉ុងដល់ព្រះសង្ឃទៅវិញ​ ដោយ​គាត់​យល់​ខុស​ថា ការ​ប្រគេន​គ្រឿង​ស្រវឹង​ដល់​បុព្វជិតនេះ នឹង​អាច​បញ្ជូន​កុស​ល្យ​ផល​បុណ្យ​ដល់​បុព្វការី​ជន ជីដូន​ជីតា ឫ​សាច់ញាតិ​របស់​ផង​ខ្លួន ដែល​បាន​ទទួលមរណភាព​នោះហើយមើលទៅ ។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ព្រះ​នាម «​ជ័យ ភា​និ​ត​» ទំនងជា​ព្រះសង្ឃ​មួយ​អង្គ គង់នៅ​វត្ត​មួយ ក្នុង​ខេត្តកំពង់ចាម បាន​បង្ហោះ​សំ​ណេ​រ​នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា ២០១៩​នេះ ​ថា «​ញោម​រដូវ​បុណ្យ​ទាន គាត់​យក​ស្រា​បៀរ​មក​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​មគ្គផល ទៅ​ឲ្យ​ប្តី​ដែល​ស្លាប់ គាត់​គិត​ថា មាន​តែ​ធ្វើបុណ្យ​ជាមួយ​ព្រះសង្ឃ​ទេ ទើប​ស្រា​បៀរ​នេះ បាន​ដល់​ប្តី​គាត់ ញោម​ៗ​លេងសើច​ជាមួយ​អាត្មា​ទេ​ដឹង ? ឲ្យ​គ្រឿង​ស្រវឹង មិន​បាន​បុណ្យ​ទេ​ញោម​» ។

«​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ហាម​អ្នកបួស មិន​ឲ្យ​សេព​គ្រឿង​ស្រវឹង​ទេ ព្រោះ​គ្រឿង​ស្រវឹង​បំផ្លាញ​នូវ​អាយុជីវិត​ខ្លួនឯង ការ​សេព​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​វិនាស​ខ្លួនឯង ។ ពីព្រោះ​សុរា​នេះ​កាលណា​ចូល គឺ​វង្វេងស្មារតី​ទាំងអស់ មិន​ធ្លាប់​ហ៊ាន បែរ​ទៅ​ជា​ហ៊ាន ហ៊ាន​ទាំង​សម្លាប់ ហ៊ាន​ទាំង​លួច​ប្រពន្ធ​កូន​គេ ហ៊ាន​ទាំង​លួច​ទ្រព្យ ហ៊ាន​ទាំង​ពោល​ពាក្យ​មិន​ប្រាកដ សុរា​នេះ​នឹង​នាំ​ឲ្យ​វង្វេង ។ ពុទ្ធអង្គ​ទ្រង់​ត្រាស់​ហាម គឺ​នៅ​ក្នុង​សិក្ខាបទ​សុរា គឺ​ភ​ក្ខុ​ផឹកទឹក​ស្រវឹង​ត្រូវ​អាបត្តិ ឬ​ត្រូវ​ទោស​» ។

ចំពោះ​បព្វជិត​អ្នកបួស​ក្នុង​ពុទ្ធសាសនា ដែល​សេព​គ្រឿង​ស្រវឹង ឬ​សុរា ជា​រឿង​ប្រាសចាក​ពី​សាសនាព្រះពុទ្ធ​ដែល​បាន​ប្រតិបត្តិ​នោះ​ហើយ ព្រោះ​សុរា​ជា​សិក្ខាបទ​ទី​៥ ក្នុង​ចំណោម​សីល​ទាំង​៥ ។ និច្ចសីល ឬ​សីល​៥​មាន ៖ ១-​បា​ណា​តិ​បា​តា​, ទី​២-​អទិន្នា​ទានា​, ទី​៣-​កា​មេ​សុ​មិច្ឆាចា​រា​, ទី​៤- មុសា​វា​ទា​, និង​ទី​៥-​សុរា​មេ​រយ​មជ្ជ​ប្ប​មា​ទ​ដ្ឋា​នា ។

ដោយឡែក សៀវភៅ “​ទាន​កថា​” ដែល​ជា​ការ​ផ្សាយ​របស់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ មាន​សរសេរ​អធិប្បាយ​ទាក់ទង​នឹង​ទាន​៥​ប្រការ ដែល​បុគ្គល​ធ្វើ​ហើយ​មិន​បាន​ផល​ជា​បុណ្យ ជា​កុសល​អ្វី​ឡើយ ។ វត្ថុ​ជា​ទាន​ទាំង​៥​យ៉ាងនោះ រួម​មាន ៖ ទី​១ ការ​ឱ្យ​ស្ត្រី​ដល់​បុរស ឬ​ការ​ឱ្យ​បុរស​ដល់​ស្ត្រី ទី​២ ការ​ឱ្យ​គោ​ឧសភ គឺ​គោបា ឬ​គោ​ឈ្មោល​ដល់​មេគោ ឬ​ការ​ឱ្យ​មេគោ​ដល់​គោ​ឧសភ ទី​៣ ការ​ឱ្យ​ទឹកស្រវឹង ជា​ទាន ទី​៤ ការ​ឱ្យទាន​ជា​ការ​រាំច្រៀង ឬ​របាំ​ត្លុក​កំប្លែង និង​ទី​៥ ការ​ឱ្យទាន​ជា​រូបគំនូរ​ស្ត្រី និង​បុរស ដែល​ជា​រូប​នាំ​ឱ្យ​កើត​សេចក្ដី​ត្រេកត្រអាល​ទៅ​រក​សេចក្ដី​ប្រាថ្នា​ក្នុង​ផ្លូវ​កាម ។ ក្នុង​ពុទ្ធសាសនា​បណ្ដា​ទាន​ទាំង​៥​ប្រការ​នេះ ហៅ​ថា “​អ​សម្មត​ទាន​” គឺ​ទាន​ដែល​មិន​សន្មត ឬ​ចាត់​ចូល​ជា​ទាន​ឡើយ ៕