រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឡុ ង វុ​ទ្ធី ជា​ថៅកែ​ក្រុមហ៊ុន​ពុះ​ដី​ឡូត៍​ម្នាក់ ក្នុង​គម្រោង​អិ​វឌ្ឍន៍ ឡុ​ង វុ​ទ្ធី ពាក់ព័ន្ធ ករណី​ឈូស​ឆាយ​កាប់​រានទន្ទ្រាន​យក​ដី​រដ្ឋ ដែល​ជា​តំបន់​ការពារ​របស់​ក្រសួងបរិស្ថាន នៅ​ក្នុងភូមិ​ភ្នំ​ដំបង ឃុំ​សន្តិភាព ស្រុក​សំឡូត ខេត្តបាត់ដំបង​យក​ទៅ​ពុះ​ឡូត៍​លក់​ដោយ​ខុសច្បាប់ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឡុ​ង វុ​ទ្ធី បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្តបាត់តំបង សហការ​ជាមួយ​ក្រុមការងារ​របស់ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន នៃ​ក្រសួងបរិស្ថាន ចុះ​ថ្ងៃ​ទី​១៧ ខែកញ្ញា បាន​ឲ្យ​ដឹង​ថា យោង​តាម​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ គឺ​ដី​តំបន់ការពារធម្មជាតិ​ជា​ដី​សាធារណៈ​របស់​រដ្ឋ មិន​អនុញ្ញាត​ឲ្យ​កាប់​ទន្ទ្រាន​កាន់កាប់​លក់ដូរ​បាន​ឡើយ និង​មិន​អាច​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់ ដោយ​លទ្ធកម្ម​ពិសេស​នៃ​ភោគៈ​ឡើយ ។ ការ​ចាត់ចែង​លក់ដូរ​ដី​សាធារណៈ របស់​រដ្ឋ គឺជា​បទល្មើស​ព្រហ្មទណ្ឌ ដោយ​អ្នក​ប្រព្រឹត្ត និង​អ្នក​ជាប់​ពាក់ព័ន្ធ ត្រូវ​ផ្តន្ទា ទោស​ជាប់​ពន្ធនាគារ និង​ត្រូវ​បាន​ចាត់​ចូល​ជា​ឧក្រិដ្ឋកម្ម ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ការ​ដែល​ឈ្មួញ​ឈ្មោះ ឡុ​ង វុ​ទ្ធី ហ៊ាន​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ តំបន់ការពារធម្មជាតិ​ទំហំ ៤៩,៦០០​ម៉ែត្រការ៉េ យក​ទៅ​រៀបចំ​បោះបង្គោល បំបែក​ក្បាលដី​ជា​ឡូត៍​ៗ​រួច​ទៅ​ហើយ​នោះ គឺ​អាច​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ ព្រោះ​ថាបើ​គ្មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​បើកដៃ​ពី​មន្ត្រី​ទេ​នោះ គឺ​មេ​ឈ្មួញ ឡុ​ង វុ​ទ្ធី មិន​អាច​ធ្វើ​អ្វី​ៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​បាន​ឡើយ ៕