សៀមរាប ​៖ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សហ​ការណ៍​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខេត្តសៀមរាប និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ម៉េ​ត ប្រឹ​ម​ប្រិ​យ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ អ​ញ្ជា​ញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង តាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន ពី​បទ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ដោយ​ចេតនា ។

ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ស្រុក​ក្រឡាញ់​រួច សមត្ថកិច្ច​ខេត្តសៀមរាប​បាន​ប្រគល់​ជនសង្ស័យ​ទៅ​កម្លាំង​ជំនាញ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​អនុវត្ត​តាម​នីតិវិធី ។

សូម​ជម្រាប​ថា ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​(​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ដោយ​ចេតនា​) នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ២០០៨ ។ នៅ​ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច ជនល្មើស​រូប​នេះ​បាន​គេចខ្លួន​បាត់​រហូត ។ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​វាយតប់​ប្រពន្ធ​របស់​ខ្លួន ហើយ​បាន​ធ្លាយ​ព័ត៌មាន​មក​ដល់​នគរបាល​ខេត្តបាត់ដំបង ។ ទើប​នគរបាល​ខេត្តបាត់ដំបង ក៏​បាន​ទំនាក់ទំនង​ទៅ​នគរបាល​ខេត្តសៀមរាប ស្រុក​ក្រឡាញ់ ឲ្យ​ជួយ​ធ្វើការ​ស្រាវជ្រាវ​រក​ជន​នេះ ។ ក្រោយ​ពេលធ្វើការ​ស្រាវជ្រាវ​បានដឹង​ថា ជន​នោះ​កំពុង​តែ​រស់នៅ​ក្នុងភូមិ ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់​ពិតប្រាកដ​មែន ។ ដូច្នេះ​ហើយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តបាត់ដំបង ក៏​បាន​សុំ​ការ​សហការ​ជាមួយនឹង​នគរបាល​ខេត្តសៀមរាប ស្រុក​ក្រឡាញ់​ធ្វើការ​ឃាត់ខ្លួន​ជន​នោះ តាម​ដីកាចាប់ខ្លួន​របស់​តុលាការខេត្ត​បាត់ដំបង​តែ​ម្ដង​ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ៕