ខេត្តកំពង់ស្ពឺ៖ កាលពីព្រលប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ក្នុងចន្លោះគីឡូម៉ែត្រលេខ១៤-១៥ ភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្ដដឹកកម្មករ បានបុកជាមួយរថយន្តអ្នកដំណើរ បណ្តាលឲ្យកម្មករិនី៣នាក់បានស្លាប់ និង២៦នាក់ផ្សេងទៀតរងរបួស។

ជនរងគ្រោះទាំងអស់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសពជនរងគ្រោះទាំង៣នាក់ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅលំនៅឋាន ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ទាំងក្តីសោកសៅជាពន់ពេក។ ដោយឡែកយានយន្តពាក់ព័ន្ធ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។
ក្រោយហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង លោក វ៉ី សំណាង អភិបាលខេត្ត ព្រមជាមួយក្រុមការងារ បានអញ្ជើញពិនិត្យបងប្អូនកម្មករ-កម្មារិនី ដែលជួបគ្រោះថ្នាក់ចរាចរ ហើយលោកសូមចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេក ក្នុងការដ៏អាក្រក់នេះ ហើយសូមឲ្យមានប្រុងប្រយ័ត្នគ្រប់ៗគ្នា បញ្ជៀសឲ្យបានករណីគ្រោះថ្នាក់ចរាចរណ៍។