ទីក្រុង​ហាណូយ​,​វៀតណាម ៖ ផ្សែង​អ័ព្ទ​កំពុង​គ្របដណ្ដប់​លើ​រដ្ឋធានី​ហាណូយ របស់​វៀតណាម អ្នកជំនាញ​និយាយ​ថា គុណភាព​ខ្យល់​កខ្វក់​នៅ​ក្នុង​ទីក្រុង​នេះ អាក្រក់​ទៅ​ៗ​ក្នុង​រយៈពេល​០៣​ថ្ងៃ ចុង​ក្រោយ​នេះ ហើយ​ទំនងជា​មិន​មាន​ភាព​ប្រសើរ​ឡើង​វិញ​ទេ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត នេះ​បើ​តាម​សារព័ត៌មាន VnExpress ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨ កញ្ញា ២០១៩​នេះ ។

ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​របស់​ទីក្រុង​ហាណូយ ត្រូវ​បាន​កត់ត្រា​ឃើញ​ថា​ស្ថិត​នៅ​កម្រិត ១៣៦ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ដោយ​ស្ថានីយ​ត្រួតពិនិត្យ​អាកាស​ចំនួន​១១​កន្លែង ដែល​នៅ​ជុំវិញ​ទីក្រុង​នេះ ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨​នេះ ទិន្នន័យ​បាន​មក​ពី​ស្ថានីយ​ត្រួតពិនិត្យ​៣ នៅ​ក្នុង​ក្រុង​ហាណូយ​បង្ហាញ​ថា ខ្យល់​កខ្វក់​ដែល​មានឈ្មោះ​ថា PM2.5 ឡើង​ដល់​កម្រិត ១៥២ អាច​និយាយ​បាន​ថា ទីក្រុង​នេះ ក្លាយជា​ទីក្រុង​ដែល​ត្រូវ​បាន​បំពុល​ដោយ​ខ្យល់​កខ្វក់​អាក្រក់​បំផុត​លំដាប់​ទី​៧ លើ​ពិភពលោក ។

ស្ថានីយ​ត្រួតពិនិត្យ​ខ្យល់ បាន​ព្យាករណ៍​មុន​ថា គុណភាព​ខ្យល់​អាក្រក់​នៅ​តែ​មាន​អាច​នឹង​បន្ត​រហូត​ចុង​ស​ប្តា​ហ៍ ក្នុង​រង្វង់ ១៧០ ។ ទោះជា​យ៉ាងណា នៅ​ត្រឹម​ចំណុច​នេះ គឺ​ទីក្រុង​ហាណូយ ប្រសើរ​ជាង ទីក្រុង​គុ​ជិ​ង​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​កម្រិត​ជាតិពុល ឡើង​ដល់ ២២០ ឯណោះ ។

ដោយឡែក​នៅ​ឯ​កម្ពុជា​វិញ ក្រសួងបរិស្ថាន​បាន​ជូនដំណឹង​ដល់​សាធារណជន អំពី​ស្ថានភាព​គុណភាព​ខ្យល់ នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ អោយ​ដឹង​ថា ផ្អែក​តាម​លទ្ធផល​ត្រួតពិនិត្យ​បង្ហាញ​ថា គុណភាព​ខ្យល់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​កម្រិត​ល្អ​ប្រសើរ ជាង​ប្រទេស​ជិតខាង ។

សូម​រម្លឹក​ថា កាលពី​អំឡុង​ដើមឆ្នាំ ២០១៩ ទីក្រុង​បាងកក​ត្រូវ​បាន​វាយប្រហារ​ដោយ​ផ្សែង​អ័ព្ទ​ពុល ដែល​ធ្វើ​ឱ្យ​ប្រជាជន​មួយ​ចំនួន​ក្អក និង​កណ្តាស់ ដែល​សូ​ម្បី​តែ​សត្វ​ចិញ្ចឹម ក៏​ទទួល​រង​ជំងឺ បណ្តាល​មក​ពី​ផ្សែង​អ័ព្ទ​ទាំងនេះ​ផង​ដែរ ។

PM2.5 គឺជា​ភាគល្អិត​និចល​តូច​ៗ​នៅ​ក្នុង​ខ្យល់ ដែល​មាន​អង្កត់ផ្ចិត​តូច​ជាង​២,៥​មី​ក្រុង​។ ភាគល្អិត​នេះ​មាន​ប្រភព​មក​ពី​ការ​ដុត​ឥន្ធនៈផូស៊ីល និង​កម្ទេចធូលី​ផ្សេង​ៗ​ទៀត ហើយ​ភាគល្អិត​នេះ​អាច​ស្រូប​ចូល​ទៅ​ដល់​សួត និង​ពេល​ខ្លះ​ដល់​សរសៃឈាម ដែល​អាច​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស ប្រសិនបើ​ការ​ស្រូប​ចូល​លើស​កម្រិត ៕