រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ នៅ​តំបន់​ភ្នំ​សំរាម ដែល​ហៅ​ថា​ទីលាន​ចាក់សំរាម​ចាស់ ក្នុង​នោះ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​២៥​នាក់ ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​២១​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន ស្ថិត​នៅ​ក្នុង​ភ្នំ​សំរាម ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ២០១៩​នេះ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក ពេជ្រ កែវ​មុន្នី អភិបាល​ខណ្ឌមានជ័យ និង​មានការ​ឯកភាព​ពី​លោក ស្រី ម៉ាក​នី ព្រះរាជអាជ្ញា​រង ព្រមទាំង​មានការ​ចូលរួម​ពី​លោក ម៉េ​ង វិមាន​តារា អធិការ​ខណ្ឌមានជ័យ និង​លោក​មេបញ្ជាការ​រង កង​រាជ​អា​វុ​ហត្ថ​ខណ្ឌ ។ ដោយ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​បែងចែក​ជា​៤​គោលដៅ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​២៥​នាក់ (​មាន​ស្រី​៦​នាក់​) ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​២១​កញ្ចប់ ក្នុង​នោះ​២​កញ្ចប់​ធំ​, ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន និង​ម៉ូតូ​២​គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២៥​នាក់ និង​វត្ថុ​តាង​ទាំង​អស់នេះ ត្រូវ​បញ្ជូន​យក​ទៅ​កាន់​អធិការ​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ចំពោះ​ទីតាំង​ដែល​ក្រុម​ជនសង្ស័យ​ទាំងនោះ​បាន​ស្នាក់​នៅ​និង​ចែកចាយ​គ្រឿងញៀន ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​រុះ​រើស​ចេញ​ផង​ដែរ ៕