ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២៩៤១ លោកធីបូដូ (Thibaudeau) ដែលមកទទួលភារកិច្ចជាទេសាភិបាលជាន់ខ្ពស់បារាំង ប្រចាំនៅប្រទេសកម្ពុជា តាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៣៦ នោះត្រូវផ្ទេរចេញទៅបំពេញភារកិច្ចថ្មី ហើយលោកហ្សង់ ដឺឡង់ (Jean de Lens) ត្រូវចូលជំនួស ។ តែលោកហ្សង់ ឌឺ ឡង់ មិនបានយកចិត្តទុកដាក់ក្នុងការណែនាំ អប់រំព្រះមហាក្សត្រនរោត្តម សីហនុ កុំឲ្យប្រព្រឹត្តរឿងស្នេហាផ្តេសផ្ដាសជាមួយអ្នកម្នាងផាត់ កាញ៉ុល នោះទេ ។ តែព្រះអយ្យកោព្រះសុធារស បានបង្ខំព្រះអង្គឲ្យផ្តាច់ទំនាក់ទំនងស្នេហាជាមួយអ្នកម្នាងផាត់ កាញ៉ុល ឲ្យបាន ដោយទ្រង់មានបំណងចង់ឲ្យព្រះមហាក្សត្រជាព្រះនត្តា(ចៅ)របស់ទ្រង់ទៅរៀបអភិសេកជាមួយម្ចាស់ក្សត្រី វ័យក្មេងម្នាក់ និងមានសម្រស់ស្រស់ប្រិមប្រិយរបស់ប្រទេសថៃ ឯណោះ ព្រោះព្រះអយ្យកោព្រះសុធារស ធ្លាប់ទៅសិក្សានៅប្រទេសថៃ កាលនៅយុវវ័យ ហើយទ្រង់ក៏ជារាជវង្សមួយអង្គដែលនិយមចូលចិត្តថៃ ជាងបារាំងដែរ។

អ្នកម្នាងផាត់ កាញ៉ុល

ដោយឡែកសម្រាប់ម្ចាស់ក្សត្រីស៊ីសុវត្ថិ កុសុមៈ នារីរតន៍ សិរីវឌ្ឍនា ជាព្រះមាតាវិញ បានជំទាស់ជាដាច់ខាត មិនឲ្យព្រះមហាក្សត្រនរោត្តម សីហនុ រៀបអភិសេក(រៀបការ) ជាមួយស្រីណាម្នាក់ឡើយ ដោយព្រះនាងជឿជាក់ថា ព្រះមហាក្សត្រជាបុត្រានេះត្រូវនៅលីវសិន ដើម្បីកុំឲ្យខុសនឹងជោគជតារាសីដែលបានកំណត់ថា ព្រះមហាក្សត្រនរោត្តម សីហនុ ជាព្រះនត្តា(ចៅ)របស់ព្រះនាងមិនទាន់អាចយកមហេសីបានទេ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពេលនោះ ព្រះមហាក្សត្រនរោត្តម សីហនុ មិនគ្រាន់តែមានព្រះទ័យស្នេហាយ៉ាងជ្រាវជ្រៅ ចំពោះអ្នកម្នាងផាត់ កាញ៉ុល ម្នាក់ប៉ុណ្ណោះទេ គឺនៅក្នុងឆ្នាំ១៩៤២ នោះដែរ ព្រះអង្គក៏បានសព្វព្រះទ័យជាមួយនឹងព្រះអង្គម្ចាស់ក្សត្រី ព្រះនាមស៊ីសុវត្ថិ ពង្សសានមុនី ដែលទើបមានវ័យ១៣វស្សាកន្លះ មួយអង្គទៀត ផងដែរ។
ព្រះអង្គម្ចាស់ក្សត្រីពង្សសានមុនី គឺជាបុត្រីរបស់ព្រះបរមសពព្រះមុនីវង្ស ដែលជាព្រះអយ្យកោ ពោលគឺជាព្រះនាងជាម្ដាយមីងរបស់ព្រះអង្គតែម្ដង ។

ម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សសានមុនី ពេលមានព្រះជន ៣៩ព្រះវស្សា (ថតក្នុងឆ្នាំ​ ១៩៦៨)

រូបសម្រស់ដ៏ស្រស់ល្វតល្វន់របស់ម្ចាស់ក្សត្រីដ៏ក្មេងខ្ចីអង្គនេះ ព្រះអង្គបានទតឃើញនៅពេលព្រះមាតាព្រះនាង គឺអ្នកម្នាងឃុន ណាត ដែលជាមហេសីរបស់ព្រះបរមសពព្រះមុនីវង្ស ដែរនោះ នាំព្រះនាងមកបង្អូតសម្រស់នៅមុខព្រះភ័ក្រ្តព្រះអង្គក្នុងព្រះបរមរាជវាំង ដោយយកលេសថា នាំព្រះនាងមកថ្វាយបង្គំសម្ដែងការគួរសមចំពោះម្ចាស់ក្សត្រីស៊ីសុវត្ថិ កុសុមៈ នារីរតន៍ សិរីវឌ្ឍនា ជាព្រះមាតារបស់ព្រះអង្គ ដែលជាអ្នកមើលខុសត្រូវលើបុត្រាបុត្រីរាប់សិបអង្គរបស់ព្រះបរមសពព្រះមុនីវង្ស ក្រោយពេលព្រះអង្គសោយទិវង្គតទៅនោះ។
ព្រះមហាក្សត្រនរោត្តម សីហនុ ទតឃើញថា ម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី ទើបតែមានព្រះជន្ម១៣វស្សាកន្លះ ក៏ពិតមែន តែរូបសម្រស់ រាងកាយព្រះនាងពេញលក្ខណះដូចជាស្រីក្រមុំទៅហើយនោះ បានឆក់យកបេះដូងព្រះអង្គឲ្យទោរទន់ តាមសុំសេចក្តីស្នេហាពីព្រះនាងភ្លាមៗតែម្ដង ហើយព្រះនាងក៏យល់ព្រមប្រគល់សេចក្ដីសេ្នហាថ្វាយព្រះអង្គវិញយ៉ាងស្មោះស្ម័គ្របំផុត ដោយមិនចាំបាច់តុបតែងព្រះកាយយូរ នាំតែខាតពេលវេលានោះឡើយ។

ព្រះមហាក្សត្រនរោត្តម សីហនុ

ប៉ុន្តែទំនាក់ទំនងស្នេហារបស់ព្រះមហាក្សត្រនរោត្តម សីហនុ ជាមួយព្រះម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី ត្រូវបានពូកមន្រ្តីបារាំង និងពួកគហបតីខ្មែរជាច្រើនប្រឆាំងជំទាស់ ព្រោះព្រះនាងមានវ័យក្មេងខ្ចីនៅឡើយ ហើយត្រូវជាប់សាច់ឈាមជាម្ដាយមីងរបស់ព្រះអង្គថែមទៀត។ ពួកគេមិនសប្បាយចិត្តចំពោះព្រះមហាក្សត្រ ដែលមានស្នេហាបែបនេះជាដាច់ខាត។ មិនតែប៉ុណ្ណោះ មន្រ្តីបារាំងខ្លះបានទម្លាយរឿងស្នេហាអាស្រូវនេះទៅជូនលោកឧត្តមនាវីហ្សង់ ឌឺគូ (Jean Deeoux) អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន ដែលនៅទីក្រុងព្រៃនគរនោះ បានឲ្យជ្រាបផងដែរ។

លោកឧត្តមនាវីហ្សង់ ឌឺគូ (Jean Deeoux) អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន

ក្រោយពីលោកហ្សង់ ឌឺគូ ទទួលបានដំណឹងនេះភ្លាម លោកក៏បានសម្រេចប្តូរផ្លាស់លោកហ្សង់ ឌឺ ឡង់ (Jean de lens) ដែលមកបំពេញតួនាទីជាទេសាភិបាលជាន់ខ្ពស់នៅកម្ពុជា កាលពីចុងឆ្នាំ ១៩៤១ នោះចេញ ដោយសារលោកហ្សង់ ឌឺ ឡង់ នោះ មិនមានសមត្ថភាពក្នុងការណែនាំ អប់រំព្រះអង្គមហាក្សត្រនរោត្តម សីហនុ បណ្ដាលឲ្យព្រះអង្គប្រព្រឹត្តរឿងស្នេហាផ្តេសផ្ដាសនោះ ហើយដាក់លោកហ័ក្ស អាម៉ង់ ឡេ ហ្គោជេ (George Armand Leon Gauthier) ឲ្យមកកាន់ដំណែងជាទេសាភិបាលជាន់ខ្ពស់នៅកម្ពុជា ជំនួសវិញ ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ១៩៤៣ ។
ពេលបានមកកាន់ដំណែងជាទេសាភិបាលជាន់ខ្ពស់នៅកម្ពុជា ភ្លាម លោក ហ្គោជេ (Gauthier) បានធ្វើការស្ដីបន្តោសទៅលើអង្គមហាក្សត្រនរោត្តម សីហនុ យ៉ាងចាស់ដៃពីបញ្ហាស្នេហាជាមួយព្រះម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី នោះ ហើយព្រះបិតា ព្រះមាតា របស់ព្រះអង្គ ក៏បានគាំទ្រការស្ដីបន្តោសរបស់លោក ហ្គោជេ នោះដែរ។ តែទោះបីដឹងថា លោកទេសាភិបាលជាន់ខ្ពស់ ព្រះមាតាបិតា ស្ដីបន្ទោសយ៉ាងណាក៏ដោយ ក៏ព្រះមហាក្សត្រនរោត្តម សីហនុ មិនអាចផ្ដាច់ព្រះទ័យស្នេហាពីម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី បានដែរ ។

ព្រះអង្គព្យាយាមទាក់ទាញព្រះទ័យព្រះមាតាបិតាឲ្យយោគយល់ដល់ម្ចាស់ក្សត្រី ពង្សសានមុនី រហូតដល់ព្រះអង្គទូលប្រះមាតាបិតាថា ដើម្បីបញ្ចប់នូវពាក្យនិន្ទាពីមជ្ឈដ្ឋានទាំងឡាយ ចំពោះទំនាក់ទំនងស្នេហានេះ ព្រះអង្គសុំរាជានុញ្ញាតរៀបអភិសេកជាមួយម្ចាស់ក្សត្រី ពង្សសានមុនី ឲ្យពេញមុខជាសាធារណៈ និងតាមប្រពៃណីតែម្ដង។

ព្រះអង្គម្ចាស់នរោត្ដម សុធារស ជាព្រះអយ្យកោ របស់ព្រះមហាក្សត្រនរោត្តម សីហនុ ( ថតជាមួយព្រះសង្ឃក្នុងទសវត្សរ៍ឆ្នាំ​ ១៩៣០)

ឮដូច្នេះ ព្រះមាតាស៊ីសុវត្ថ កុសុមៈនារីរតន៍ សិរីវឌ្ឍនា ភ្ញាក់ស្រឡាំងកាំង ហើយលាន់មាត់ថា បុត្រចង់រៀបការជាមួយពង្សសានមុនី ? សូមបុត្រកុំគិតដល់ឲ្យសោះ ព្រោះនៅក្នុងព្រះបរមរាជវាំង នរណាក៏ដឹងថា ម្ដាយរបស់នាងបានបោកប្រាស់ព្រះមហាក្សត្រមុនីវង្ស ដ៏ល្អរបស់យើង ដោយលួចស្នេហាជាមួយបុត្រាបស់ព្រះអង្គ គឺទ្រង់មុនីរ៉េត ៕