បរទេស៖ ក្រុមមន្ត្រីជំនាញរបស់ប្រទេសម៉ិចស៊ីកូ បានរកឃើញសាកសពមនុស្សចំនួន២៩នាក់ ដែលត្រូវបានឃាតករសម្លាប់រួចកាត់ជាកង់ៗ និងញាត់ចូលថង់ផ្លាស្ទិក រួចយកបោះចូលទៅក្នុងរណ្តៅមួយកន្លែង ស្ថិតនៅជាយទីក្រុង ហ្គាដាឡាហ្សារ៉ា ភាគខាងលិចប្រទេសម៉ិចស៊ីកូ។
តាមការចេញផ្សាយរបស់សារព័ត៌មាន CNA នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រុមមន្ត្រីជំនាញរបស់ប្រទេសម៉ិចស៊ីកូ បានរកឃើញរណ្តៅកប់សាកសព មួយ ដោយមានបំណែកសាកសពមនុស្សចំនួន២៩នាក់ ហើយសមត្ថកិច្ចបានផ្គុំសាកសពចំនួន ១៣នាក់រួចហើយ និង១៦នាក់ទៀតមិនទាន់រួចរាល់នៅឡើយទេ ។

ក្នុងចំណោមសាកសពទាំង២៩នាក់នោះ មានស្រ្តីចំនួន២នាក់ និង៣នាក់ ក្នុងចំណោមនោះត្រូវបានជាសមាជិកក្រុមគ្រួសារ បានមកប្តឹងប៉ូលិសថា ពួកគេបានបាត់សមាជិកគ្រួសារ។
អាជ្ញាធរម៉ិចស៊ីកូ ធ្វើការសន្និដ្ឋានថា សាកសពទាំងអស់ទំនងជាត្រូវបានសម្លាប់ និងកាត់សពជាកង់ៗ ក្នុងអំឡុងការផ្ទុះអំពើហិង្សា និងសង្គ្រាមប្រឆាំងគ្រឿងញៀន តែយ៉ាងណា មន្ត្រីជំនាញកំពុងធ្វើកោសល្យវិច័យកំពុងបន្ថែមទៀត៕