ភ្នំពេញ ៖ ករណីកូនប្រុសញៀនថ្នាំ ខឹងសុំលុយចាយមិនបានដុតផ្ទះខ្លួនឯងចោល និងរាលឆេះផ្ទះប្រជាពលរដ្ឋជិតខាងចំនួន១១ខ្នង ដែលក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះ បណ្ដាលឲ្យក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ (ត្រូវជាប្អូនជនដៃដល់) ត្រូវអណ្តាតភ្លៀងឆេះខ្លោចរួញក្រញង់ រីឯបុរសជាឪពុក មិនទាន់ស្លាប់ទេ គ្រាន់តែរងរបួសធ្ងន់ កំពុងសម្រាកនៅក្នុងមន្ទីរពេត្យ ។
គិតមកដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នេះ ឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះ មិនទាន់ស្លាប់ទេ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រទេ ដោយឪពុកក្មេងរងគ្រោះ គឺសភាពធ្ងន់ធ្ងរ ជាងប្រពន្ធ ។


សូមបញ្ជាក់ថា នៅវេលាម៉ោង១២ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ៥ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនសង្ស័យជាមនុស្សញៀនថ្នាំ បានសុំលុយឪពុករបស់ខ្លួន ដើម្បីយកទៅទិញថ្នាំ ប៉ុន្តែបុរសជាឪពុកមិនឲ្យនោះទេ ថែមទាំងស្តីបន្ទោសតិចតួចផងដែរ ស្រាប់តែនៅពេលដែលពុំមាននរណាម្នាក់ចាប់អារម្មណ៍នោះ ជនសង្ស័យបានធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោល ខណៈដែលឪពុក និងប្អូនប្រុសនៅក្នុងផ្ទះ បណ្តាលឲ្យឆាបឆេះសន្ធោសន្ធៅ រួចភ្លើងបានបន្តឆាបឆេះរាលដាលដល់ផ្ទះ១១ខ្នងទៀត បណ្តាលឲ្យជនរងគ្រោះជាប្អូនត្រូវអណ្តាតភ្លើងឆេះស្លាប់រួញក្រញង់ក្នុងភ្លើង ចំណែកជនសង្ស័យក្រោយពេលធ្វើសកម្មភាព បានរត់គេចខ្លួនបាត់ ។

ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឫស្សីកែវ ស្នងការរាជធានី រួមនឹងអាជ្ញាធរប៉ូលិសមូលដ្ឋានផងដែរ បានចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើពេល១ម៉ោង ទើបរលត់ជាស្ថាពរ និងប្រើប្រាស់ឡានទឹកសរុបចំនួន២៧គ្រឿង ៕