ខេត្តកណ្ដាល៖ បុរសម្នាក់បានបើកម៉ូតូសង់កូរ៉េ១គ្រឿង បោះពួយយ៉ាងលឿន និងមិនប្រកាន់ស្ដាំទេ ដោយបានចេញចង្កូតទៅគន្លងផ្លូវម្ខាងទៀត ហើយបានជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងភាគីម្ខាងទៀតរងរបួសបាក់ជើងម្ខាង។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នានេះ បានកើតឡើងនៅវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចខាងមុខវិទ្យាល័យហ៊ុន សែន តាខ្មៅ លើកំណាត់ផ្លូវជាតិ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។


ជនរងគ្រោះដែលបើកម៉ូតូបុកគ្នាស្លាប់នេះ មានឈ្មោះម៉ង់ សិរី ភេទប្រុស អាយុ២៤ឆ្នាំ មានទីនៅភូមិចេក ឃុំឈើទាល ស្រុកស្វាយរៀង ខេត្តស្វាយរៀង បើកបរម៉ូតូម៉ាក SUZUKI SMASH V ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CY-7641 ។ រីជនរងគ្រោះដែលរងរបួសបាក់ជើងខាងស្ដាំ មិនទាន់ស្គាល់ឈ្មោះទេ ដោយបើកម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ។
ប្រភពពីកន្លែងកើតហេតុថា នៅមុនពេលកើតហេតុ គេជើងជនរងគ្រោះភាគីម៉ូតូម៉ាកសង់កូរ៉េ បើកបរធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង បោះពួយយ៉ាងលឿនដូចហោះ លុះបើកមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកជនរងគ្រោះភាគីម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះភាគីម៉ូតូស្មាស់ ដួលបោកក្បាលទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកបរម៉ូតូសង់កូរ៉េរងរបួសបាក់ជើងស្ដាំ ។


ក្រោយកើតហតុ សមត្ថកិច្ចចុះអន្តរាគមន៍ ជួយចាត់ចែងបញ្ជូនអ្នករបួសទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ បន្ទាប់មក ធ្វើការវាស់វែង និងកំណត់ហេតុ យកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី ។ ដោយឡែក សពជនរងគ្រោះ សមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារយកទៅលំនៅឋាន ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ការសន្និដ្ឋានពីសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមកពីអ្នកបើកម៉ូតូ ម៉ាកសង់កូរ៉េ គ្មានស្លាកលេខ បើកល្បឿនលឿន និងមិនប្រកាន់ស្ដាំ ៕