ញូដេលី៖ បើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ឥណ្ឌាបានសម្រេចជោគជ័យជាថ្មីទៀត ក្នុងការបាញ់សាកល្បងគ្រាប់មីស៊ីល ដែលត្រូវបានផលិតឡើងនៅក្នុងប្រទេសខ្លួនឯងផ្ទាល់ ចេញពីយន្តហោះចម្បាំងធុន Su-30MKI ខណៈភាពតានតឹងនៅតំបន់កាស្មៀរជាមួយ ប៉ាគីស្ថាន នៅតែស្ថិតក្នុងលក្ខណៈប្រុងជើងការ។

ទីភ្នាក់ងារស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យការពារជាតិ នៃក្រសួងការពារជាតិឥណ្ឌាបានឲ្យដឹងថា មីស៊ីលឈ្មោះថា អាស្ត្រា (Astra) ដែលជាប្រភេទបាញ់ចេញពីយន្តហោះចម្បាំង សំដៅទៅរកគោលដៅនៅលើផ្ទៃអាកាស បានហោះចេញពីយន្តហោះចម្បាំង Su-30MKI ដោយ ជោគជ័យ និងធ្វើដំណើរបានចម្ងាយជាង ៧០គីឡូម៉ែត្រ។
គួរជម្រាបថា គ្រាប់មីស៊ីល Astra អាចហោះក្នុងចម្ងាយបានជាង ៥,៥៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលលឿនជាងល្បឿនសំឡេង ៤.៥ដង។ គ្រាប់មីស៊ីលនេះមានផ្ទុកក្បាលគ្រាប់ទម្ងន់ ១៥គីឡូក្រាម។

ឥណ្ឌាបានចាប់ផ្តើមគម្រោងអភិវឌ្ឍមីស៊ីល Astra កាលពី ឆ្នាំ២០០៤ ជាមួយកញ្ចប់ថវិកាប្រហែល ១៣៨.៤លានដុល្លារ។ មីស៊ីល Astra ដំបូងគេ ត្រូវបានបាញ់តេស្តចេញពីយន្តហោះ Su-30MKI កាលពីខែឧសភា ឆ្នាំ២០១៤ ហើយរហូតមកទល់ពេលនេះ ការសាកល្បងសរុប ២៧លើក ត្រូវបានធ្វើឡើង៕