ខេត្តតាកែវ ៖ បុរសម្នាក់ ខណៈដែលកំពុងជិះម៉ូតូធ្វើដំណើរមិនចាប់អារម្មណ៍ ស្រាប់តែមានរថយន្ត១គ្រឿងបើកបោះពួយយ៉ាងលឿនទៅបុកពីក្រោយយ៉ាងពេញទំហឹង រួចកិនថែម បណ្តាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង៥០នាទី យប់ថ្ងែទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ២ ចន្លោះគឺឡូម៉ែត្រលេខ ៨២-៨៣ ស្ថិតក្នុងភូមិសូចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ។


ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់នេះ មានឈ្មោះខាត់ ព្រឹម ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបធ្វើស្រែ រស់នៅភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែក រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-9513 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះកង់ ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ លុះពេលដល់ចំណុចកើតហេតុមិនចាប់អារម្មណ៍ ស្រាប់តែមានរថយន្តបង្ក បើកបោះពួយយ៉ាងលឿនមកបុកពីក្រោយយ៉ាងពេញទំហឹង ហើយកិនថែម បណ្តាលឲ្យជនរងគ្រោះស្លាប់មួយរំពេច ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។


ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែង និងយកមធ្យោបាយពាក់ព័ន្ធ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះ និងចាត់ការបន្តតាមផ្លូវច្បាប់។ រីឯសពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្តីក្តុកក្តួលជាពន់ពេក៕