ស្បែកជើងអេស្កាប៉ាំង ឬក៏ស្បែកជើងកែងចោត គឺជាប្រភេទស្បែកជើងដែលជាទីពេញនិយមបំផុត សម្រាប់មិត្តៗសុភាពនារីគ្រប់រូប ។ ទទួលស្គាល់ថាការពាក់ស្បែកជើងកែង ពិតជាស្រស់ស្អាត ស៊ីវិល័យ ក៏ពិតមែនប៉ុន្តែជាទូទៅនៅពីក្រោយការស្អាតវាតែងតែមានភាពឈឺចាប់ជានិច្ច។

មានមិត្តនារីជាច្រើន បានត្អូញត្អែរពីផលវិបាកក្រោយពេលដែរពាក់ស្បែកជើងកែងថា កាលណាពាក់វារាល់ថ្ងៃ ឬយូរៗម្ដងមិនអាចចៀសផុតពីការឈឺចាប់ និងរបួសខ្លះៗ ត្រង់ម្រាមជើង និងកែងជើង។ ដូចនេះដើម្បីបញ្ចៀសពីបញ្ហាទាំងអស់នេះ  ក្រុមការងារពួកយើងនឹង ណែនាំពីតិចនិកខ្លះដើម្បីយកទៅអនុវត្តន៏។

១- បិទ​កែង​ជើង

ជា​ធម្មតា​ស្បែកជើង​ម៉ាក​ល្បី​កម្រិត​ណា​ក៏​ដោយ ពេល​ពាក់​យូរ​ទៅ​នឹង​ឈឺចាប់​ដូចគ្នា ព្រោះ​ស្បែក​ត្រង់​កន្លែង​​កែង ប៉ះ​គ្នា​នឹង​ស្បែក​ជើង​ពេល​យើង​ធ្វើ​ចលនា។ ដូចនេះ​គួរតែ​យក​ស្កុត​ថ្លា​បិទ​នៅ​កែង​ជើង​ជាមុន ដើម្បី​កុំ​ឲ្យ​រលាត់​ស្បែក​រហូត​ក្លាយ​ជា​ដំបៅ​ឈឺចាប់។

២- យក​ស្កុត​បិទ​ម្រាម​ជើង

យុវតី​មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ភ្នំពេញ ក៏​បាន​បន្ត​ថា ម្រាម​ជើង​ដែល​ទទួល​រង​ភាព​ឈឺចាប់​មាន​ពីរ​ម្រាម គឺ​ម្រាម​កណ្ដាល និង​ម្រាម​នាង​ជើង។ ម្រាម​ជើង​ពីរ​នេះ ពេល​ពាក់​ស្បែក​ជើង​វា​ពយ​ឡើង​មក​លើ​ជាង​គេ ដូចនេះ​បើ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន ប្រាកដជា​ពាក់​មិន​បាន​យូរ​ឡើយ។

៣- អេប៉ុង​កល់​ខាង​មុខ

អ្នក​លក់​នៅ​ផ្សារ​ធំ​ថ្មី​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ស្បែកជើង​កែង​អេស្កាប៉ាំង​មាន​សភាព​ស្រួច​បិត​ជិត​ខាង​មុខ ដូចនេះ​វា​អាច​ត្បៀត​មេជើង​ធ្វើឲ្យ​ហើម ហើយ​អាច​បណ្ដាល​ឲ្យ​ឈឺចាប់​ក្រចក​មេជើង​នេះ​ឯង។ វិធី​ល្អ​គួរតែ​កាត់​អេប៉ុង​ចោះ​ជា​រាង​រង្វង់​ជើង ដាក់​ក្នុង​ស្បែកជើង ហើយ​ពេល​យើង​ពាក់​ទៅ​មាន​អារម្មណ៍​ល្អ គ្មាន​ការ​កកិត និង​កៀប។

៤- ស្បែកជើង​ចង្អៀត

ប្រសិនបើ​យើង​ស្រលាញ់ និង​ចង់​ពាក់​ស្បែកជើង​នោះ​ទាំង​ចង្អៀត​វា​ប្រាកដ​ជា​ឈឺ​ជើង​មិន​ខាន។ យើង​នៅ​តែ​អាច​ពាក់​ស្បែក​ជើង​នោះ​ដដែល ដោយ​មិន​មាន​ការ​ឈឺចាប់​អ្វី​ទាំងអស់ ដោយ​ដំបូង​គ្រាន់តែ​ពាក់​ស្រោម​ជើង ហើយ​ទៅ​ស៊ក​ស្បែកជើង​ចង្អៀត​នោះ រួច​យក​ម៉ាស៊ីន​ផ្លុំ​សក់​មក​ផ្លុំ​ដោយ​ប្រើ​ខ្យល់​មាន​កម្ដៅ ដើម្បី​ឲ្យ​ជ័រ​ស្បែក​ជើង​រីក​មាឌ។ បន្ទាប់​មក​ដោះ​ស្រោម​ជើង​ចេញ ហើយ​អាច​ពាក់​បាន​ធម្មតា ៕