ខេត្តតាកែវ ៖ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​ចុះ​ត្រួតពិនិត្យ មុខទំនិញ​នានា ដែល​ដាក់​លក់​នៅ​លើ​ផ្សារ​តាកែវ នា​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ២០១៩​នេះ ក្នុង​នោះ​រក​ឃើញ​ក្រុមហ៊ុន​អំបិល​មួយ​ចំនួន​២ ដែល​ក្រុម​អាជីវករ​បាន​ដាក់​លក់ ដោយ​មិន​មាន​ដាក់​សារធាតុ «​អ៊ី​យ៉ូ​ដ​»​ក្នុង​អំបិល​ទាំង​អស់នោះ​ទេ ។

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​ថ្លែង​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​កាំកុងត្រូល​គឺ​បាន​រក​ឃើញ​អំបិល​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​២ គឺ​ក្រុមហ៊ុន ទា គី​ម​ហួរ និង​ក្រុមហ៊ុន ឡូ​ម៉ា មិន​មាន​ដាក់​សារធាតុ​អ៊ី​យ៉ូ​ដ នៅ​ក្នុង​អំបិល​ទាំងនោះ​ទេ ប៉ុន្តែ​ការ​វេច​ខ្ចប់​បែរជា​ដាក់​អក្សរ​ថា អំបិល​អ៊ី​យ៉ូ​ដ នៅ​លើ​សម្បក់​កញ្ចប់ ទៅ​វិញ ។

លោក ប៉ោ លាង​គង់ បន្ត​ថា សារធាតុ​«​អ៊ី​យ៉ូ​ដ​»​នេះ​វា​មាន​សារៈសំខាន់​ណាស់ ដល់​ការ​រីក​លូតលាស់​រាង​កាយ បញ្ញា​ស្មារតី​របស់​កុមារ និង​មនុស្ស​គ្រប់​វ័យ​ទាំងអស់ ។ ដូច្នោះ​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​អាជីវករ​ដែល​មាន​ដាក់​លក់​អំបិល​ទាំង​២​ក្រុម​ហ៊ុ​នេះ ត្រូវ​តែ​ទាក់ទង​ទៅ​ក្រុមហ៊ុន​ទាំង​២ ឲ្យ​មក​នាំ​យក​អំបិល​ដែល​គ្មាន​សារធាតុ​អ៊ី​យ៉ូ​ដ​ទាំង​អស់នេះ យក​ត្រឡប់​ទៅ​ក្រុមហ៊ុន​វិញ កុំ​យក​អំបិល​ក្លែងបន្លំ​គុណភាព បែប​នេះ​មក​ទៀត ព្រោះ​ហាមឃាត់​មិន​ឲ្យ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ទេ ។

លោក​ប្រធាន​សាខា​បញ្ជាក់​ថា ប្រសិនជា​ក​ន្លាំ​ង​របស់​លោក​ចុះ​ពិនិត្យ​មើល​លើក​ក្រោយ នៅ​តែ​រក​ឃើញ​ក្រុមហ៊ុន​ទាំង​២​ខាងលើ​មិន​ព្រម​កែប្រែ​នោះ​ទេ គឺ​ខាង​ជំនាញ​នឹង​រឹបអូស​អំបិល​ទាំងអស់ យក​ទៅ​កម្ទេច​ចោល​តែ​ម្ដង និង​ចាក់​ការ​តាម​និ​តិ​វិធី​ច្បាប់​មិន​លើកលែង​ឡើយ ។

លោក​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​អាជីវករ ដែល​ដាក​លក់ទំនិញ​នៅ​លើ​ទីផ្សារ​ទាំងអស់ ត្រូវ​តែ​លក់ទំនិញ​ដែល​គ្មាន​សារធាតុ​គីមី ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស អំបិល​ដែល​គ្មាន​សារធាតុ​«​អ៊ី​យ៉ូ​ដ​»​នេះ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់ អាច​កើត​ទៅ​ជា​ពក​ករ និង​មិន​មានការ​រីក​លូតលាស់​ដល់​បញ្ញា ស្មារតី​របស់​មនុស្ស ជា​ពិសេស​រូបរាង​កាយ​របស់​កុមារ ៕