រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ប្រកាស​ថា កាក​សំណល់​ប្លា​ស្ទីក​ចំនួន​៦៩​កុង​ទឺ​ន័​រ​ទៀត សរុប​គ្រប់​ចំនួន​ទាំង​៨៣ ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​កប៉ាល់ ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ហើយ កាលពី​ថ្ងៃ​ទី​១៥ កញ្ញា ២០១៩ ដែល​កាក​សំណល់​ប្លា​ស្ទីក​ទាំងនោះ ត្រូវ​បាន​លួច​នាំ​ចូល​ដោយ​ខុសច្បាប់​មក​កម្ពុជា ដោយ​ក្រុមហ៊ុន CHUNG YUEN PLASTIC MANUFACTORE Co., Ltd ។

សូម​ជម្រាប​ថា កាលពី​យប់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៩ ក្រុមហ៊ុន​ខាងលើ​នេះ បាន​ដឹក​ជញ្ជូន​សំណល់​ទាំងនោះ​ត្រឡប់​ទៅ​វិញ​បណ្តើ​ៗ បាន​ចំនួន​១៤​កុងតឺន័រ ។ ក្រៅពី​ការ​ដឹក​ជញ្ជូន​នេះ ក្រុមហ៊ុន​មួយ​នេះ ក៏​បាន​បង់ប្រាក់​ពិន័យ ចូល​ថវិកាជាតិ​គ្រប់​ចំនួន ព្រមទាំង​បាន​បង់ថ្លៃ​ចំណត​ផែ និង​ថ្លៃ​កប៉ាល់​មួយ​ចំនួន​ផង​ដែរ គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ខែសីហា មក ។

សូម​បញ្ជាក់​ថា កាក​សំណល់​ប្លា​ស្ទីក​ចំនួន​៨៣​ទូរ កុងតឺន័រ មាន​ទម្ងន់​សរុប​ជិត​១, ៦០០​តោន ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​បាន​នៅ​ផែ​ព្រះ​សីហ​នុ កាលពី​រសៀល​ថ្ងៃ​ទី​១៦ កក្កដា ២០១៩ ។ កាក​សំណល់​ទាំងនោះ មាន​ប្រភព​មក​ពី​សហរដ្ឋអាមេរិក ចំនួន​៧០​កុងតឺន័រ មាន​ទម្ងន់​១,៣២២​តោន និង​ប្រទេស​កា​ណា​ដា​ចំនួន​១៣​កុងតឺន័រ មាន​ទម្ងន់​២៧០​តោន ៕