ខេត្តប៉ៃលិន៖ លោកតាអាយុ៧៦ឆ្នាំ ទិញឈើបេងប្រហោងក្នុង ២ដើម ពីម្ចាស់ចម្ការ១កន្លែងនៅក្បែរគ្នា យកមកធ្វើគ្រែដេក ស្រាប់តែត្រូវសមត្ថកិច្ចនគរបាលចុះទៅឃាត់ខ្លួន ដោយចោទពីបទរកស៊ីឈើខុសច្បាប់ បញ្ជូនទៅតុលាការខេត្តតែម្តង។
ហេតុការណ៍កម្លាំងគរបាលចុះទៅចាប់ឃាត់ខ្លួនលោកតាចាស់ជរានេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។
លោកតាដែលរងការចោទពីបទរកស៊ីឈើខុសច្បាប់ ត្រូវបានកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនបញ្ជូនទៅតុលាការនោះ ឈ្មោះ មឿង សែម អាយុ៧៦ឆ្នាំ ពិការដៃឆ្វេង១ចំហៀង មានប្រពន្ធ ឈ្មោះ ហាង ចាន់ អាយុ៧៣ឆ្នាំ រស់នៅក្នុងភូមិភ្នំឃុំខាងលើ។


ស្រ្តីវ័យចំណាស់ឈ្មោះ ហាង ចាន់ ត្រចៀកធ្ងន់បន្តិចស្តាប់មិនសូវឮ ជាប្រពន្ធ បានរៀបរាប់ទាំងទឹកភ្នែកថា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ មានប៉ូលិស១ក្រុម បានចុះទៅដល់ផ្ទះរបស់ពួកគាត់ ហើយចោទប្រកាន់ថា ពួកគាត់អារឈើស្តុកទុកខុសច្បាប់ តែពួកគាត់ប្រាប់ថា: ពួកគាត់មិនធ្លាប់រកស៊ីអារឈើលក់អ្វីនោះទេ ដោយធ្វើតែចម្ការ ដាំម្ទេស ដាំត្រប់ បេះលក់រាល់ថ្ងៃ និងដាំស្រូវ បន្តិចបន្តួច ដើម្បីលក់ផ្គត់ផ្គង់ជីវិតប៉ុណ្ណោះ ។ ប៉ុន្តែ ពួកគាត់បានបញ្ជូនកូនស្រីម្នាក់ ឲ្យទៅធ្វើការនៅប្រទេសកូរ៉េ ហើយកូនស្រីនោះបានផ្ញើប្រាក់ឲ្យទិញឈើបេងប្រហោងក្នុង ២ដើមនេះ ដើម្បីធ្វើគ្រែដេក មុនពេលពួកគាត់អស់ជីវិត ។ តែទោះបីពួកគាត់លើកហេតុផលយ៉ាងណា ក៍ក្រុមនគរបាលនោះចាប់ប្តីគាត់ វាយខ្នោះបញ្ចូលក្នុងរថយន្ត យកទៅកាន់អធិការនគរបាលស្រុកសាលាក្រៅ ដែរ។
ស្រ្តីវ័យចំណាស់ជាប្រពន្ធបន្តទៀតថា: បន្ទាប់ពីគេចាប់ប្ដីគាត់វាយខ្នោះយកទៅបាត់ គាត់មិនដឹងជាគិតយ៉ាងណានោះទេ មានតែអង្គុយស្រក់ទឹកភ្នែក ដោយអាណិតអាសូរដល់ប្តីដែលចាស់ជរាពន់ពេក គ្រាន់តែទិញឈើបេងប្រហោងក្នុង២ដើម យកមកធ្វើគ្រែដេក ត្រូវសមត្ថកិច្ចនគរបាល ចោទថារកស៊ីឈើខុសច្បាប់ ។ គាត់ក៏សូមលើកដៃអង្វរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសសម្ដេចហ៊ុន សែន មេត្តាជួយអន្តរាគមន៍ដោះលែងប្តី គាត់ផង ព្រោះពួកគាត់មិនមែនជាមនុស្សរកស៊ីជួញដូរឈើដូចការចោទប្រកាន់នោះឡើយ ។

បុរសឈ្មោះ យឹម វឿន អាយុ៦៥ឆ្នាំ រស់នៅក្បែរផ្ទះលោកតារងគ្រោះខាងលើ បានចេញមុខជាសាក្សីថា: លោកតា មឿង សែម បានទិញឈើពីបុរសម្នាក់ឈ្មោះ សរ ចំណាន នៅឯចម្ការ ក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដោយទិញអស់រយ:ពេល៦ថ្ងៃមកហើយ ក្នុងតម្លៃ៦៥០ដុល្លារ បម្រុងនឹងយកមកធ្វើគ្រែដេក ស្រាប់តែនៅព្រឹកថ្ងៃកើតហេតុ ក៏ត្រូវនគរបាល ចាប់ឃាត់ខ្លួនតែម្តង ដោយចោទពីបទរកស៊ីកាប់ឈើខុសច្បាប់ ។
ចំណែកបុរសម្នាក់ ឈ្មោះ សរ ចំណាន ភេទប្រុស អាយុ២៥ឆ្នាំ ជាគ្រូបង្រៀន និងជាម្ចាស់ឈើខាងលើ បានចេញមុខអះអាងថា: លោកបានលក់ឈើចំនួន២ដុំ ជាប្រភេទឈើបេង ក្នុងតម្លៃ៦៥០ដុល្លារ មានប្រហោងក្នុង ទៅឲ្យបុរសខាងលើ ព្រោះគាត់សុំទិញ ដើម្បីដឹកយកទៅឲ្យជាងច្នៃធ្វើគ្រែដេកទេ ហើយគាត់ក៏ជួលគេទៅកាត់ក្នុងចម្ការ នៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ អស់រយ:ពេល២ទៅ៣ថ្ងៃ ទើបជួលគោយន្តកន្ត្រៃដឹកយកទៅទុកក្នុងផ្ទះគាត់។


លោក សរ ចំណាន អះអាងបន្ថែមថា ឈើទាំង២ដុំខាងលើនេះ ពិតជាដុះនៅលើដីចម្ការរបស់ខ្លួនប្រាកដមែន ដោយពួកគាត់ មិនបានលួចពីនរណានោះឡើយ ឬរកស៊ីជួញដូរអ្វីនោះដែរ ហើយលោកលក់ឈើបេងទាំង២ដើមនេះឲ្យលោកតា មឿង សែម គឺក្នុងគោលបំណងឲ្យស្រឡះដី រួចភ្ជួរដាំពោតតែម្តង ។
ករណីនេះ KBN មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចនគរបាលខេត្តប៉ៃលិន ថាជាការពិត ឬយ៉ាងណាបានទេ៕