ភ្នំពេញ៖ កាកសំណល់ប្លាស្ទិកដែលនៅសេសសល់ទាំង៦៩កុងតឺន័រដែលមានប្រភពមកពីអាមេរិកនិងកាណាដា ត្រូវបានក្រុមហ៊ុនCHUNGYUEN PLASTIC MANUFACTURE CO., LTDដឹកចេញពីប្រទេសកម្ពុជាអស់ហើយកាលពីថ្ងៃទី១៥ កញ្ញាកន្លងទៅ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ក្រសួងបរិស្ថាននិងអគ្គនាយកដ្ឋានគយនិង រដ្ឋាករនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងស្ថាប័ន ពាក់ព័ន្ធបានគាស់ទូកុងតឺន័រ ចំនួន៨៣នៅក្នុងកំពង់ ផែក្រុងព្រះសីហនុ បានរកឃើញសំរាមប្លាស្ទិកទម្ងន់ ប្រមាណ ១៦០០តោនមានប្រភពមកពីអាមេរិកនិងកាណាដា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៦កញ្ញាបានបញ្ជាក់ថា”កាលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុន បានបន្តដឹកចេញពីកម្ពុជានូវកាកសំណល់ប្លាស្ទិកចំនួន៦៩ កុងតឺន័រ ដែលនៅសល់”។

សូមរំលឹកថា កាលពីយប់ថ្ងៃទី២០ ខែសីហាឆ្នាំ២០១៩ក្រុមហ៊ុនដែលដឹកសំណល់ប្លាស្ទិកចំនួន៨៣កុងតឺន័រមានប្រភពមកពីអាមេរិកនិងកាណាដា ចូលមកកម្ពុជានោះបាន បង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន ព្រមទាំងបានបង់ថ្លៃចំណតផែ ថ្លៃកប៉ាល់មួយចំនួននិងបានដឹកចេញចេញពីកម្ពុជាចំនួន ១៤ កុងតឺន័រ ៕