ខេត្តព្រះសីហនុ៖ ជនជាតិចិនមួយក្រុមមានគ្នាប្រហែល ៧នាក់ទៅ១០នាក់ បានបើករថយន្តស៊េរីទំនើប១គ្រឿង ដឹកគ្នាទៅធ្វើសកម្មភាពវាយប្លន់ក្នុងហាងខារ៉ាអូខេ «បុកឃីងហមភែលេស » រួចប្រមូលលុយពីបុគ្គលិកផ្នែកគិតលុយចំនួន ២ពាន់ដុល្លារ រួចនាំគ្នាគេចខ្លួនបាត់ ។
ករណីចោរកម្មវាយប្លន់នេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងហាងខារ៉ាអូខេ «បុកឃីងហមភែលេស» ជាប់របងមន្ទីរសុខាភិបាលថ្មី ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញ ជនជាតិចិនមួយក្រុម បានចូលទៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេខាងលើ ហើយបានធ្វើសកម្មភាពវាយទៅលើជនជាតិចិនឈ្មោះ LONG HUAYOU ភេទប្រុស ឆ្នាំកំណើត០២.០៦.១៩៩០ កាន់លិខិតឆ្លងដែនEE២២៩៣១៣៨ រួចបានប្រមូលលុយពីបុគ្គលិកផ្នែកគិតលុយចំនួន ២ពាន់ដុល្លា រួចនាំគ្នាគេចខ្លួនបាត់ តាមរថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅ មិនចាំស្លាកលេខ។
សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីមានករណីចោរប្លន់នេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះទៅដល់កន្លែងកើតហេតុ បើកមើលកាមេរ៉ាសុវត្ថិភាព រហូតកំណត់មុខសញ្ញាបាន ឈានដល់ចាប់ខ្លួនបានចំនួន៦នាក់ សុទ្ធជាជនជាតិចិន។


ជនសង្ស័យទាំង៦នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថ នាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។ ចំណែក បក្ខពួកផ្សេងទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួននាំមកផ្តន្ទាទោសតាមច្បាប់៕