ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ធំ ចាប់​ឃាត់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន ដើម្បី​បន្ត​ចាត់ការ​តាម​ច្បាប់ ក្រោយ​ពី​លួច​បេះ​ផ្លែស្វាយ ចំនួន​២៤​ផ្លែ នេះ​បើ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​ស្នងការ​នគរបាល​ខេត្តកណ្ដាល ។

ករណី​អំពើ​លួច​បេះ​ផ្លែស្វាយ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​សៅរ៍​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ចំការ​ស្វាយ ឈ្មោះ​ស៊ុន​សុខ​ណា ភូមិ​កោះ​តេ​ជោ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

ជនសង្ស័យ​មានឈ្មោះ ទន់ វី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន ៖ ទូក​ឈើ​១​គ្រឿង​, ផ្លែស្វាយ​ចំនួន​២៤​ផ្លែ​, ទូរស័ព្ទ​អិន​ចុច​ពិល ពណ៌​ខ្មៅ​០១​គ្រឿង​, ពិល​ពាក់​ក្បាល​១, និង​សម្ភារៈ​ប្រើប្រាស់​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

បើ​តាម​របាយការណ៍​នគរបាល បាន​បង្ហាញ​រឿងហេតុ អោយ​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ និង​វេលា​ម៉ោង​ដូច​ខាងលើ ជន​រង​គ្រោះ​(​ឈ្មោះ ស៊ុន សុខ​ណា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​) បាន​ទៅ​ចាំ​ឃ្លាំមើល​ចោរលួច​បេះ​ផ្លែស្វាយ​របស់​ខ្លួន ។ ពេល​នោះ​បានឃើញ​ជនសង្ស័យ​ម្នាក់​ជិះទូក ដោយ​មាន​ពិល​ពាក់​នៅ​ក្បាល សំដៅ​មក​ចំការ​ស្វាយ​របស់​ខ្លួន​(​ជន​រង​គ្រោះ​) រួច​ធ្វើ​សកម្មភាព​បេះ​ផ្លែស្វាយ​យក​ទៅ​ដាក់​លើ​ទូក ពេល​នោះ ជន​រង​គ្រោះ​បាន​ស្ទុះ​ទៅ​ចាប់​យក​ផ្លែស្វាយ​ដាក់​លើ​ទូក រួច​អុំទូក​មក​ផ្ទះ និង​បាន​ទៅ​ប្រាប់​ឪពុក​ជនសង្ស័យ​ថា ៖ «​កូន​ពូ​ឯង លួច​បេះ​ស្វាយ​ខ្ញុំ​» ។ បន្ទាប់​ពី​ប្រាប់​រួម​មក ក៏​បាន​ទៅ​រាយការណ៍​ប្រាប់​លោក​មេ​ភូមិ ។ លុះដល់​ថ្ងៃ​ទី​១៥ កញ្ញា ២០១៩ វេលា​ម៉ោង​៧​ព្រឹក ជន​រង​គ្រោះ​បាន​មក​ប្តឹង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ធំ ។

របាយការណ៍​ដដែល​បន្ត​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ឃាត់ខ្លួន​ជនសង្ស័យ​រួម និង​វត្ថុ​តាង​មក​ប៉ុស្តិ៍ ដើម្បី​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​បេះ​ស្វាយ​នោះ​ពិតប្រាកដ​មែន និង​ធ្លាប់​ធ្វើ​សកម្មភាព​លួច​បេះ​ផ្លែស្វាយ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​កោះ​តេ​ជោ ប្រហែល​ជាង​២០​លើក​មក​ហើយ និង​ធ្លាប់​ប្រើប្រាស់​សារធាតុ​ញៀន​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​និង​វត្ថុ​តាង ត្រូវ​បាន មន្ត្រី​នគរបាល​បញ្ជូន​មក​អធិការដ្ឋាន ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕