រាជធានី​ភ្នំពេញ ៖ មនុស្ស​៦​នាក់ ដែល​ជា​អតីត​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពាក់ព័ន្ធ​នឹង​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ ហើយ​ក្នុង​ចំណោម​នោះ មាន​៣​នាក់ ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន ។

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹ​ម​ខឿន បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា​នេះ​ថា រហូត​ម​មក​ដល់​ពេល​នេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​៦​នាក់ ពាក់ព័ន្ធ​ការ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ផែនការ ត្រៀមលក្ខណៈ​ប៉ុនប៉ង​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាម​រយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌ ការ​បង្ក​អសន្តិសុខ​បំពុលបរិយាកាស​សង្គម ។

អ្នកនាំពាក្យ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ការ​ចាប់ខ្លួន​នេះ រហូត​មក​ដល់​ពេល​នេះ មាន​មាន​ចំនួន​៦​នាក់​ហើយ គឺ​ពាក់ព័ន្ធ​នឹង​បុគ្គល​ដែល​ដើរ​ផ្សព្វផ្សាយ ផែនការ​ត្រៀមលក្ខណៈ​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល ។ ចង់​មក​ដណ្តើម​យក​អំណាច​តាម​រយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​, តាម​រយៈ​ការ​រៀបចំ​ផែនការ​បង្ក​អសន្តិសុខ​សង្គម ។ ហេតុនេះ​រដ្ឋាភិបាល និង​កម្លាំង​សមត្ថកិច្ច មិន​អាច​អនុញ្ញាត​ឲ្យ​គាត់​មក​បង្ក​ព្យុះ​ភ្លៀង​នៅ​ពេល​ដែល​ស្រុក​ទេស កំពុង​មាន​សន្តិភាព​នោះ​បាន​ទេ អ៊ីចឹង ត្រូវ​តែ​បង្ក្រាប​ហើយ មិន​ថា អតីត​សមាជិក​គណបក្សប្រឆាំង ឬ​បុគ្គល​ណា​ក៏​ដោយ ឲ្យ​តែ​បង្ក​អសន្តិសុខ ឲ្យ​តែ​មាន​ផែនការ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ត្រូវ​តែ​ចាត់ការ​” ។

ដោយឡែក បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រុមប្រឆាំង បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​សកម្មជន​របស់​ខ្លួន​ចំនួន​៦​នាក់​ដែល​ក្នុង​នោះ​រួម​មាន ទី​១-​លោក យ៉ា​ត ភារ​ម្យ ទី​២-​លោក ទុំ ប៊ុ​ន​ថន ទី​៣-​កញ្ញា យូ ចាន់​ធានី ទី​៤-​លោក លី ម៉េ​ង​ឃាង ទី​៥-​លោក លី លី​ន និង ទី​៦-​លោក ឈុ​ន ថៃ​យុទ្ធ ក្នុង​រយៈពេល​២​ថ្ងៃ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ។

អតីត​សកម្មជន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​០៣​នាក់ ក្នុង​ចំណោម​ជនសង្ស័យ​០៦​នាក់ ត្រូវ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស មាន​ទី​១ ឈ្មោះ​កញ្ញា យូ ចាន់​ធានី ទី​២ ឈ្មោះ ទុំ ប៊ុ​ន​ថន និង​ទី​៣ ឈ្មោះ យ៉ា​ត ភារ​ម្យ ។ ចំណែក​ជន​៣​នាក់​ផ្សេង​ទៀត កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នីតិវិធី​ស៊ើបសួរ​របស់​សមត្ថកិច្ច​នៅឡើយ ៕