ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការចាប់ខ្លូននាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះពីបទលួចម៉ូតូ។
ជនរងគ្រោះឈ្មោះ អៀម មេត្តា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលម្តុំផ្សារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែក ជនសង្ស័យឈ្មោះ រ័ត្ន សំណាង ហៅ ចេក ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។


នៅក្នុងពាក្យបណ្តឹងជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1A-1745 មកចតទុកនៅមុខបន្ទប់ជួលដូចសព្វដង ហើយក៏ដេកលង់លក់ទៅ លុះព្រឹកឡើងស្រាប់តែបាត់ម៉ូតូឈឹង មិនដឹង ចោរមកលួចតាំងពីស្មើណា ទើបរូបគេធ្វើដំណើរទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញកងរាជអាវុធហត្ថបានចុះធ្វើការស៊ើបអង្កេត រកមុខសញ្ញាជនសង្ស័យ រហូតទទួលបានតម្រុយមុខសញ្ញាជនសង្ស័យ និងចាប់នាំខ្លួនជនសង្ស័យ យកមកសាកសួរ ។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះមែន តែមកពីជនរងគ្រោះមានការធ្វេសប្រហែស ទុកម៉ូតូចោល។ ពេលលួចបានរូបគេយកម៉ូតូជនរងគ្រោះទៅដោះដូរគ្រឿងមួយចំនួន ដើម្បីកុំឲ្យម្ចាស់ចំណាំបាន តែដឹងអី ចុងក្រោយរូបគេនៅតែជាប់ខ្នោះដដែល។
ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕