ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០១៩នេះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារសហប្រតិបត្តិការជាមួយ លោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោក (World Bank) ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៅវិមានសន្តិភាព។

នៅក្នុងជំនួប លោកស្រី Victoria Kwakwa បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា លោកស្រីធ្លាប់បានមកកម្ពុជាកាលពី៣ឆ្នាំមុន ហើយពេលនេះបានឃើញកម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរអោយកោតសរសើរខ្លាំងបំផុត ជាមួយកំណើនសេដ្ឋកិច្ចជាមធ្យមពី%ទៅ៨% ហើយអត្រាកាត់បន្ថយភាពក្រីក្រ និងអត្រាស្លាប់របស់ទារកនៅពេលកើតក៏បានថយចុះដែរ។ នេះជាជោគជ័យបញ្ជាក់ថា កម្ពុជាកំពុងតែបោះជំ ហា នលើផ្លូវមួយត្រឹមត្រូវ។ ក្នុងនាមធនាគារពិភព លោក លោកស្រីបានសម្តែងនូវការអបអរសាទរចំពោះជោគជ័យដែលកម្ពុជាទទួលបាន។

លោកស្រី Victoria Kwakwa បានបន្តទៀតថា កន្លងមកនេះ ធនាគារពិភពលោក បានធ្វើការយ៉ាងច្រើនជាមួយនឹងសហគមន៍ផ្សេងៗ ដែលសហគមន៍ទាំងនោះ ប្រជាពលរដ្ឋដែលទទួលបានដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាលហើយ គឺបានទទួលនូវការដាំដុះបានលទ្ធផលជាទីគាប់ចិត្ត ។ ក្នុងន័យនេះ លោកស្រីចង់បញ្ជាក់ថាដីសង្គមកិច្ចដែលរាជរដ្ឋាភិបាលបានចែកជូនប្រជាពលរដ្ឋ ធ្វើការដាំដុះដំណាំកសិកម្មដែលបានជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើឡើង ដែលកូនចៅពួកគេទទួលបាននូវការអប់រំ និងសេវាសុខភាពប្រកមបដោយគុណភាពផងដែរ។

លោកស្រី Victoria Kwakwa បានលើកទឹកចិត្តដល់រាជរដ្ឋាភិបាល និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចប្រមុខដឹកនាំ។ ទន្ទឹមនឹងនេះ លោកស្រីក៏បាន លើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះគឺការចូលរួមរបស់ធនាគារពិភពលោក នៅក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាក្នុងវិស័យកសិកម្មដែរ ដើម្បីជួយជំរុញការបង្កើនទិន្នផល និងការនាំចេញរបស់កសិផលកម្ពុជា។ ជាពិសេស លោកស្រី Victoria Kwakwa បានមានប្រសាសន៍ថា បន្ទាប់ពីការវិលត្រឡប់របស់ធនាគារពិភពលោកមកកម្ពុជាពេលនេះ បង្ហាញជាដៃគូដ៏ល្អប្រកបដោយជំនឿជឿជាក់ និងគ្នាទៅវិញទៅមក ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍ ន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនខ្លាំងឡើង ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោកស្រី Victoria Kwakwa ដែលគាំទ្រ និងមានជំនឿក្នុងការចាប់ដៃគូជាមួយកម្ពុជាជំរុញការកសាងប្រទេសជាតិអោយរីកចម្រើនទៅមុខ។ សម្តេចតេជោ បានជម្រាបជូនលោកស្រីថានៅកម្ពុជាការផ្តល់ដីសម្បទានសង្គមកិច្ច គឺជានយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ រយៈពេល៧ ឆ្នាំហើយ ដែលរាជរដ្ឋាភិបាល មិនឲ្យដីសម្បទានសេដ្ឋកិច្ចទៅក្រុមហ៊ុនឯកជនទៀតទេ ហើយក៏បានកាត់យកមកវិញ នូវដីសម្បទានសេដ្ឋកិច្ចណា ដែលក្រុមហ៊ុនមិនអនុវត្តតាមគោលការណ៍ ឬក៏មិនមិនគោរពតាមច្បាប់របស់រាជរដ្ឋាភិបាល។ ដីសម្បាទានសេដ្ឋកិច្ចមួយចំនួនក៏បានបែងចែកផ្តល់ជូនទៅដល់ប្រជាពលរដ្ឋ ដែលគ្មានដីប្រើប្រាស់ សម្រាប់បង្កបង្កើនផលដើម្បីពលរដ្ឋមានជីវភាពរស់នៅកាន់តែល្អប្រសើរ។

ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ដីសម្បទានសង្គមកិច្ច ត្រូវការតភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។ ក្នុងន័យនេះសម្តេចតេជោ ក៏បានលើកទឹកចិត្តនិងជំរុញឲ្យធនាគារពិភពលោក ចូលរួមយ៉ាងសកម្មថែម ទៀត ជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានដីសង្គមកិច្ច ពីរាជរដ្ឋាភិបាល ដើម្បីជួយឲ្យពួកគាត់ទទួលបាននៅការដាំដុះនឹងទទួលផលបានល្អ ដើម្បីលើកស្ទួយជីវភាពគ្រួសារអោយបានល្អប្រសើរ។ ការចូលរួមរបស់ធនាគារពិភព លោក នឹងជួយដល់ការកើនឡើងនៃគម្របព្រៃ ឈើឡើងវិញនៅកម្ពុជា។ នៅក្នុងឱកាសនោះដែរ សម្ដេចតេជោក៏បានលើកឡើងអំពីតម្រូវការធនធានមនុស្សនៅក្នុងប្រទេស។ សម្តេចតេជោបានស្នើសុំធនាគារពិភពលោក ពិនិត្យបន្តសហការ ជួយដល់កម្ពុជាលើធនធានការអភិវឌ្ឍធនធានមនុស្ស។ នៅក្នុងកិច្ចពិភាក្សានោះ សម្ដេចតេជោ ក៏បានលើកឡើងផងដែរ អំពីសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធទាំងនៅក្នុងទីក្រុង និងតាមជនបទ។ កន្លងមក ហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ គឺបានកំពុងតែអភិវឌ្ឍ ប៉ុន្តែត្រូវការធនធានច្រើន សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ។ ក្នុងន័យនេះ សម្តេចតេជោ បានលើកឡើងថា កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ីនិងកូរ៉េ បានដើររួមគ្នាកសាងផ្លូវពីផ្លូវដីក្រហម ទៅកាន់ផ្លូវកៅស៊ូពីរជាន់ (DBST) ហើយឥឡូវនេះ គឺមានគុណភាពល្អ សម្រាប់តំបន់ដាច់ស្រយាល តំបន់ជនបទ។ សម្តេចតេជោនាយករដ្ឋស្ត្រីបានស្នើឲ្យធនាគារពិភពលោក ពិនិត្យមើលលទ្ធភាព ចូលរួមនៅក្នុងដាក់កម្មវិធីកសាងផ្លូវ កែប្រែផ្លូវជនបទពីដីក្រហម ទៅជាផ្លូវកៅស៊ូពីរជាន់វិញ ដោយសារមូលហេតុថា ធនាគារពិភពលោក កំពុងតែចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍតំបន់ជនបទនោះស្រាប់។

មុននឹងបញ្ជប់ការពិភាក្សា លោកស្រី Victoria Kwakwa បានសន្យានឹងពង្រឹងកិច្ចសហការជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងនាមជាដៃគូដែលជួយគ្នា និងស្តាប់យោបលគ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍន៍កម្ពុជាអោយក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ខាងមុខ៕