ថៃ៖ ស្ត្រីវ័យក្មេងម្នាក់ត្រូវបានជនសង្ស័យដែលត្រូវជាមិត្តភ័ក្តប្ដីរបស់នាងលួងលោមចេញក្រៅផ្ទះ ហើយចាប់រំលោភ និងសម្លាប់ចោលយ៉ាងអាណោចអាធ័ម ។ ករណីនេះបានកើតឡើងនៅសង្កាត់អីនបុរី ក្រុងបាងកក ប្រទេសថៃ ។ 

ប្រភពពីសកមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានសេចក្ដីរាយការណ៍មកថា បានប្រទះឃើញសាកសពរបស់ជនរងគ្រោះភ្លាម ក្រុមសមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុ ដោយបានឃើញសាកសពមានសភាពអក្រាតកាយ និងដេកស្លាប់ក្នុងទឹក ក្នុងព្រៃមួយកន្លែង ។ ចំណែកជនសង្ស័យក៏ត្រូវបានប្រជាពលរដ្ឋចាប់បាន និងវាយរងរបួសធ្ងន់ធ្ងរ រួចទើបបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

តាមសម្ដីរបស់បងស្រីជនរងគ្រោះបានឲ្យដឹងថា ដំបូងឡើងជនសង្ស័យដែលត្រូវជាមិត្តភក្ដិរបស់ប្ដីជនរងគ្រោះបានមានចិត្តស្នេហាលើនាង តែដោយសារតែនាងមានប្ដីរួចហើយ ដូច្នេះគេក៏បានប្រើល្បិចនាំនាងចេញក្រៅដោយនិយាយថា ទៅទទួលប្ដីដែលកំពុងស្រវឹង ។ ពេលនោះស្ត្រីរងគ្រោះក៏បានទៅតាមជនសង្ស័យ មិនស្មានថា ជនសង្ស័យបានចាប់រំលោភនាង ហើយសម្លាប់ចោលបំបិទមាត់យ៉ាងដូច្នេះសោះ ។ 

យ៉ាងណាមិញ ក្នុងកាលៈទេសៈនេះសមត្ថកិច្ចគ្រាន់តែរង់ចាំជនសង្ស័យដឹងខ្លួន នឹងស៊ើបអង្កេតបន្តទៀត មុននឹងនាំខ្លួនទៅផ្តន្ទាទោសតាមច្បាប់ ៕

សហការី KBN

ប្រភព៖ kapook