ភ្នំពេញ៖ រថយន្តមួយគ្រឿងបើកបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវបុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាល ឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ ។
ហេតុការណ៍នេះ កើតឡើងលនៅម៉ោង៨និង៣០នាទីយប់ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងកែងនឹងផ្លូវអូស៊ី អាយស៊ី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះម៉ាត់ សម្រូត អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកាប់គោលក់ ស្នាក់នៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានប្រពន្ធ និងកូន២នាក់នៅក្នុងបន្ទុកគ្រួសារ ។
ប្រភពដដែលបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HP-0300 ដោយមិនបានពាក់មួកសុវត្តិភាព តាមបណ្ដោយផ្លូវអូស៊ី អាយស៊ី ក្នុងទិសដៅពីកើតទៅលិច រួចបត់ឆ្វេងតាមផ្លូវបេតុង ក្នុងបំណងទៅកុងស៊ីកាប់គោ ដើម្បីទិញគោទុកកាប់លក់ពេលព្រឹក ។ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បើកមកពីក្រោយស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានបើកបត់ត្រឡប់ភ្លាមៗ ខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យជនរងគ្រោះចាប់ហ្វ្រាំងមិនទាន់ ក៍បុកចំចំហៀងរថយន្តពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅន្លែង ហើយភ្លាមៗនោះ រថយន្តបង្កបានបើកគេចបាត់ស្រមោល ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ តែដោយសារក្រុមគ្រួសារជនរងគ្រោះ មិនបានដាក់ពាក្យបណ្ដឹងអ្វីទេ គឺសុំយកសពទៅផ្ទះធ្វើបុណ្យតាមប្រពៃណី ៕