ខេត្តកំពង់ធំ៖ បុរសម្នាក់មានជំងឺល់សឈាម និងមានជំងឺធ្លាប់ប្រកាច់ ខណៈស្រវឹងស្រា បានយកមងទៅដាក់ត្រីនៅវាលស្រែលិចទឹក ស្រាប់តែប្រកាច់លង់ទឹកស្លាប់ កាលពីវេលាម៉ោង១៨និង៣០នាទី ម៉ោង១៧និង៣០នាទី ថ្ងៃសៅរ៍ ០១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចវាលស្រែពាលពក នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ។
សពជនរងគ្រោះឈ្មោះ យឿង យ៉េន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។


ស្រ្តីឈ្មោះ ធឿន ចាន់ អាយុ៣៣ឆ្នាំ ត្រូវជាប្រពន្ធសព បានឲ្យដឹងថា ប្ដីរបស់គាត់មានជំងឺរ៉ាំរ៉ៃប្រចាំកាយ គឺជំងឺឡើងឈាម និងជំងឺធ្លាប់ប្រកាច់ ។ មុនពេលកើតហេតុ ប្ដីគាត់បានដើរទៅផឹកស្រាជាច្រើនកន្លែងក្នុងក្នុងភូមិ តាំងពីព្រឹករហូតដល់រសៀល ទើបត្រឡប់មកផ្ទះវិញ ហើយបានយកមងទៅរាយដាក់ត្រីនៅចំណុចខាងលិចផ្ទះ ចម្ងាយប្រហែល ២០០ម៉ែត្រ ។ លុះដល់វេលាម៉ោង១៨និង៣០នាទី គាត់បានទៅបត់ជើងនៅក្បែរចំណុចកើតហេតុ ក៏បានឃើញប្តីគាត់ដេកផ្កាប់មុខទៅក្នុងទឹកជម្រៅពាក់កណ្តាលស្មងជើង គាត់ក៏ចុះទឹកដើរទៅមើល ស្រាប់តែឃើញប្តីស្លាប់បាត់ទៅហើយ ក៏ស្រែកឆោឡោ និងបានហៅបងប្អូនជួយយកសពប្តីមកផ្ទះ ទើបផ្តល់ព័ត៌មានដល់សមត្ថកិច្វ ។

ក្រោយទទួលព័ត៌មានសមត្ថកិច្ចជំនាញនគរបាលស្រុក និងប៉ុស្តិ៍ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសពពុំមានស្លាកស្នាមអ្វីដែលពាក់ ព័ន្ធនឹងករណីឃាតកម្មឡើយ រួចបានសន្ធិដ្ឋានថា ករណីលង់ទឹកស្លាប់នេះ គឺបណ្តាលមកពីជនរងគ្រោះមានជំងឺខ្លួនឯង ដួលប្រកាច់ក្នុងទឹក និងដោយសារស្រវឹងស្រាផង ហើយបានប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕