ភ្នំពេញ ៖ សត្វគោ១ហ្វូងត្រូវបានម្ចាស់លែងឲ្យដើរយ៉ាងអនាធិបតេយ្យ ហើយពេលនោះមានមេគោ១ក្បាល ដើរទៅត្រដុសនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ប្រកាច់ងាប់នៅនឹងកន្លែងនៅកន្លែងមួយរំពេច កាលពីវេលាម៉ោង៦ និង៥០នាទីយប់ថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញសត្វគោញីឈ្មោល១ហ្វូងត្រូវបានម្ចាស់លែងឲ្យដើរកាត់លើសួនចែកទ្រូងផ្លូវ នៅចំណុចកើត ស្រាប់តែពេលនោះ មានគោញី១ក្បាលនោះ បានដើរទៅត្រដុសនឹងបង្គោលភ្លើងបំភ្លឺផ្លូវ ធ្វើឲ្យឆក់ដួលប្រកាច់ងាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅមន្ត្រីជំនាញខាងអគ្គិសនី មកត្រួតពិនិត្យ ។ មន្ទាប់មក ប្រជាការពារសង្កាត់ស្ទឹងមានជ័យ បានដឹកសត្វគោទៅទុកនៅសង្កាត់ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅកន្លែងកើតហេតុ តែមានសត្វគោដើរពាសវាលពាសកាល ហើយពេលខ្វះសត្វគោទាំងនោះដើរកណ្តាលថ្នល់ ធ្វើឲ្យមានការកកស្ទះចរាចរណ៍ទៀត រីឯអាជ្ញាធរមូលដ្ឋានវិញ មិនមានវិធានការ ចំពោះសត្វគោទាំងនោះ។