ភ្នំពេញ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង បើកបរវ៉ាជែងក្នុងល្បឿនលឿន បានជ្រុលបុកម៉ូតូម៉ាកសង់កូរ៉េ ជិះដោយយុវជន២នាក់ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យយុវជនម្នាក់ហោះផ្លោងទៅបុកកញ្ចក់រថយន្តម៉ាកម៉ាស្តា ធ្លាក់ទៅក្រោយបែកក្បាលស្លាប់ ឯយុវជនម្នាក់រងរបួសធ្ងន់ធ្ងរ ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី ១៤ កញ្ញា ២០១៩ លើកំណាត់ផ្លូវសម្តេចជា ស៊ីម ក្បែរផ្សារបឹងបៃតង ស្ថិតក្នុងភូមិជ្រែស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
មុនពេលកើតហេតុ គេឃើញរថយន្តហាយឡែនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X. 8587 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវសម្ដេច ជា ស៊ីម ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុកើតហេតុ បានវ៉ាជែងរថយន្តផ្សេងៗទៀត ជ្រុលចូលផ្លូវខាងឆ្វេងដៃ បុកជាមួយម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខកណ្តាល 1K-5178 ជិះដោយយុវជន២នាក់ ក្នុងទិសដៅពីលិចទៅកើត (បញ្ច្រាសទិសគ្នា) ពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ហោះប៉ើងទៅបុកនិងកញ្ចក់រថយន្តម៉ាស្តាដែល ដែលបើកមកពីក្រោយម៉ូតូ ស្របទិសគ្នា បណ្តាលឲ្យបែកក្បាកបាក់កស្លាប់មួយរំពេច ។ ចំណែកយុវជនម្នាក់ទៀត រងរបួសធ្ងន់ ។

រីឯ ម៉ូតូជនរងគ្រោះខ្ទាតទៅចូលក្រោមរថយន្តក្រឡុកបេតុងកិនជាប់ ។ រថយន្តម៉ាស្តា និងរថយន្តក្រឡុកបេតុង សុទ្ធតែជាអ្នករងថ្មបាក់។
ភ្លាមៗនោះដែរ រថយន្តហាយឡែនឌ័រ បានព្យាយាមបើកគេចបានចម្ងាយជាង៥០០ម៉ែត្រ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់បាន និងនាំអ្នកបើកបរទៅអធិការដ្ឋានខណ្ឌ ទុកប្រគល់អោយជំនាញ។ សពនិងយុវជនរងរបួសធ្ងន់មិនទាន់គេស្គាល់ឈ្មោះនៅឡើយទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌ បានចុះទៅពិនិត្យ និងទាក់ទងទៅជំនាញចរាចរណ៍ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកវាស់វែង និងយកមធ្យោបាយទាំង៤គ្រឿងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ។ ដោយឡែកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងរកទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕