ខេត្តកណ្តាល៖ បុរសម្នាក់ទើបចេញពីពន្ធនាគារត្រឡប់មកផ្ទះមានសេរីភាពបានតែ២ថ្ងៃប៉ុណ្ណោះ ស្រាប់តែរករឿងគេឯង ហើយយកដបស្រាដេញវាយអ្នកភូមិ លុះពេលកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ស្រាប់តែទាញកណ្តៀវដេញកាប់កម្លាំងសមត្ថកិច្ចរត់បាតជើងសព្រាត។ ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ។
បុរសជើងខ្លាំងចេញពីគុក ហើយត្រូវប៉ូលិសចាប់ចូលគុកវិញនេះ មានឈ្មោះ ថន វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ កើតហេតុ (ឃាត់ខ្លួន)។ ចំណែក ជនរងគ្រោះ មានឈ្មោះបៀន បូរ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើផ្លូវ មានទីលំនៅភូមិក្តុលក្រោម ឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។


សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទើបចេញពីពន្ធនាគារបានរយៈពេល២ខែ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ។ នៅពេលកើតហេតុជនសង្ស័យបានដើរចេញពីផ្ទះរបស់ខ្លួនសំដៅមកកន្លែងកម្មករធ្វើផ្លូវ ពេលទៅដល់ជនសង្ស័យបានគំរាមជនរងគ្រោះថា« ពួកអ្ហែងប្រយ័ត្នងាប់» បន្ទាប់មកជនសង្ស័យដើរចេញបាត់មួយសន្ទុះក៏ដើរត្រឡប់មកវិញដោយមានកាន់ដបស្រាពេលដើរទៅដល់កន្លែងកើតហេតុ ជនសង្ស័យបានស្ទុះទៅវាយជនរងគ្រោះ តែជនរងគ្រោះឃើញទាន់ក៏រត់គេចចេញ ហើយទៅប្តឹងលោកមេភូមិក្រូចសើច។


ប្រភពបន្តថា ក្រោយពីលោកមេភូមិបានរាយការណ៍ មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឯស្សី កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ ពេលសមត្ថកិច្ចទៅដល់ជនសង្ស័យបានទាញកណ្តៀវកាប់មកលើសមត្ថកិច្ចប៉ុស្តិ៍ បាត់ជើងសពា្រត…តែចុងក្រោយ ក៏ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះបាន។
ជនសង្ស័យបានរួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕