ខេត្តកណ្តាល ៖ នារី២នាក់ បានធ្វើសកម្មភាពលួចលុយ កាបូប និងទូរស័ព្ទរបស់អ្នកទៅវត្ត ក្នុងឱកាសថ្ងៃកាន់បិណ្ឌ លុះពេលជនរងគ្រោះឃើញកាបូបរបស់ខ្លួន ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួននារីសង្ស័យតែម្តង។ ករណីចោររកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចវត្តកៀនស្វាយក្រៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ។


នារីសង្ស័យដែលចូលទៅលួចទ្រព្យនៅក្នុងវត្តនេះ ទី១-ឈ្មោះអ៊ុក ចាន់ណា ភេទស្រីអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទី២-ឈ្មោះយឿន ស្រីពេជ្រ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលពង្រ ឃុំស្វាយស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្នាក់នៅផ្ទះជួលភូមិគគីរ ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល មានផ្ទៃពោះ ៨ខែ ។ ដកហូត ទូរស័ព្ទដៃម៉ាកoppoA3s ពណ៌ខ្មៅ១គ្រឿង ,ទូរសព្ទ័ដៃម៉ាកoppoA3sពណ៌ក្រហម០១គ្រឿង ,កាបូបស្ពាយពណ៌ត្រួយចេក និងកាបូបដៃពណ៌ខ្មៅ ,កាបូបស្ពាយម៉ាកCGពណ៌ខ្មៅ និងកាបូបដៃពណ៌ខ្មៅ និងកន្សែងបង់ក ពណ៌សមានរូបផ្កាពណ៌ផ្កាឈូក ចំនួន០១ ។
ចំណែក ជនរងគ្រោះ ទី១-ឈ្មោះញឹក ដេវ៉ារនី ភេទស្រីអាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកាត់ដេរ មានទីលំនៅភូមិ ឃុំកើតហេតុ ។ ទី២-ឈ្មោះនៅ ភក្តី ភេទស្រី អាយុ១៤ឆ្នាំជនជាតិ ខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុ ។ ទី៣-ឈ្មោះ សុខ មុន្នីនេត ភេទស្រីអាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ ។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានមកធ្វើបុណ្យកាន់បិណ្ឌទី១ នៅវត្តកៀនស្វាយក្រៅ ។ ពេលនោះជនរងគ្រោះឈ្មោះ ញឹក ដេវ៉ារនី បានមកប្រាប់ឈ្មោះស្រេង គុណនាង ភេទប្រុស អាយុ៣៥ឆ្នាំមានទីលំនៅភូមិ ឃុំកើតហេតុ មុខរបរបើកបររថយន្ត (ជាអ្នកមើលការខុសត្រូវភ្ញៀវមកវត្ត)ថាខ្លួនបានបាត់ទូរសព្ទ័០១គ្រឿងម៉ាកSamsung ពេលនោះឈ្មោះស្រេង គុណនាង បានយកទូរសព្ទ័របស់ខ្លួនតេទៅលេខទូរសព្ទ័ជនរងគ្រោះ តែតេមិនចូលរួចក៏ឃ្លាំចាំមើលមុខ សញ្ញា បន្ទាប់មកបានឃើញជនសង្ស័យឈ្មោះយឿន ស្រីពេជ្រ កំពុងកាន់ស្លាដក់ និងជនសង្ស័យឈ្មោះអ៊ុក ចាន់ណាបានធ្វើសកម្មភាពយកកន្សែងបង់កបោះទៅលើកាបូបស្ពាយក្រោយរបស់ជនរងគ្រោះឈ្មោះសុខ មុន្នីនេត រួចដើរមកក្បែរជនរងគ្រោះលូកយកកាបូបដាក់លុយរបស់ជនរងគ្រោះ(សុខ មុន្នីនេត)ដោយឃើញកាបូបស្ពាយរបស់ជនរងគ្រោះចំហឈ្មោះស្រេង គុណនាង បានទៅសួរជនរងគ្រោះថា មានបាត់អីអត់ ពេលនោះជនរងគ្រោះមើលកាបូបរួចឆ្លើយថា បាត់កាបូបលុយ ភ្លាមនោះឈ្មោះស្រេង គុណនាង បានឃាត់ជនសង្ស័យទាំងពីរនាក់ពេលឃាត់នោះឈ្មោះយឿន ស្រីពេជ្រ បានទម្លាក់កាបូបលុយជនរងគ្រោះមកលើឥដ្ឋការ៉ូ ។បន្ទាប់មកឈ្មោះស្រេង គុណនាងបានប្រគល់ជនសង្ស័យទាំងពីរនាក់ឲ្យកម្លាំងប្រជាការពារនិងរាយការណ៍មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ។
ប្រភពបន្តថា ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចខាងលើប្រាកដមែន ។ ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី ៕