ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ កាសែតក្នុងស្រុកមួយបានផ្សាយពីវីដេអូឃ្លីបដ៏រន្ធត់មួយ ដោយស្ត្រីវ័យ៣៥ឆ្នាំម្នាក់ បានថតជាប់កាម៉េរ៉ាវីដេអូនៅក្នុងឡាន នូវហេតុការណ៍ក្រឡាប់រថយន្តមួយគ្រឿងនៅចំពីមុខរថយន្តរបស់គាត់ផ្ទាល់ ដោយវីដេអូឃ្លីបនោះ បានបង្ហាញពីរថយន្ត១គ្រឿងបានក្រឡាប់ជាច្រើនត្រលប់ ហើយសំដៅមករករថយន្តរបស់គាត់គួរឲ្យខ្លាចនិងរន្ធត់បំផុត ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ នៅលើផ្លូវជាតិលេខ១៣៤ ក្នុងខេត្តឆៈឈើងសៅ បាងប្រកុង ក្នុងស្រុកបាងប្រាក់ឆុង ប្រទេសថៃ ហើយហេតុការណ៍នេះផងដែរ បានធ្វើឲ្យមនុស្ស៣នាក់នៅក្នុងរថយន្ត រងរបួសធ្ងន់ ។ 

យោងតាមការរៀបរាប់ពីម្ចាស់រថយន្ត ដែលថតជាប់ហេតុការណ៍ខាងលើនេះ បានប្រាប់ថា គាត់និងប្តីកំពុងតែបើករថយន្ត ឆ្ពោះទៅកាន់ស្រុកកើតហេតុខាងលើ ហើយពេលបើកមកដល់កន្លែងកើតហេតុ ស្រាប់តែឃើញរថយន្តពណ៌ខ្មៅ បានរេក្រឡាប់ ឆ្លងពីផ្លូវម្ខាងចូលមកផ្លូវខាងគាត់យ៉ាងលឿន គួរឲ្យរន្ធត់បំផុត ទោះគាត់ប្រឹងកាច់ចង្កូតគិចយ៉ាងណា ក៏មិនអាចគេផុតបានឡើយ ហើយរថយន្តកើតហេតុក៏បានរុលមកបុកផ្នែកខាងក្រោយរបស់រថយន្តគាត់ រួចក្រឡាប់ផ្ងារជើងនៅកណ្តាលផ្លូវ។ ហេតុការណ៍ខាងលើនេះកើតឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ តែសំណាងល្អណាស់ដែលគាត់ស្ថិតនៅក្នុងកន្លែងសុវត្ថិភាព អាចរួចខ្លួនមិនមានគ្រោះថ្នាក់ដល់ជីវិតរបស់គាត់ ៕