ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ នៅពេលពួកស្នំប្រមាណ៦០នាក់របស់ព្រះបរមសពព្រះមុនីវង្ស ជាព្រះអយ្យិកោ មិនទាន់រុះរើផ្ទះសម្បែងចេញពីក្នុងបរិវេណព្រះបរមរាជវាំង តាមគម្រោងរបស់លោកធីបូដូ ទេសាភិបាលជាន់ខ្ពស់បារាំង ដែលមានបំណងចង់ឲ្យព្រះបរមរាជវាំងមានសោភ័ណភាព និងសណ្ដាប់ធ្នាប់ផង និងភ័យខ្លាចព្រះមហាក្សត្រថ្មីវ័យក្មេងទប់ព្រះទ័យនឹងពួកស្នំទាំងនោះមិនបាននោះ ក៍គ្មានស្នំណាម្នាក់ចាប់អារម្មណ៍មកលើព្រះអង្គ ក្រៅពីស្នំម្នាក់ឈ្មោះថាច ដែលមានវ័យច្រើនជាងព្រះអង្គបន្តិចនោះឡើយ ។ ស្នំឈ្មោះថាច បានបង្ហាញនូវមនោសញ្ចេតនាស្នេហាមកលើព្រះអង្គយ៉ាងពុះកញ្ច្រោល។ ប៉ុន្តែ ពុំមានអ្វីឲ្យទាក់ទាញព្រះទ័យព្រះអង្គឲ្យខ្លាំងក្លាដែរ។ តែទោះបីយ៉ាងនេះក៏ដោយ ព្រះអង្គបានបំពេញមនោសញ្ចេតនាស្នេហាដ៏ឆាបឆេះឲ្យស្នំម្នាក់នេះដូចបំណងរបស់នាងដែរ ហើយចំណងស្នេហ៍នេះក៏ត្រូវកាត់ផ្តាច់ទៅវិញ ក្នុងរយះពេលដ៏ខ្លី។

ផ្ទុយទៅវិញ ព្រះអង្គបានលង់ស្នេហ៍ដ៍ជ្រាលជ្រៅបំផុតលើនាដការិនីឯកនៃរបាំព្រះរាជទ្រព្យម្នាក់ឈ្មោះផាត់ កាញ៉ុល។ ប៉ុន្តែស្នេហានេះ ធ្វើឲ្យលោកទេសាភិបាលជាន់ខ្ពស់ធីបូដូ និងព្រះអយ្យិកោព្រះសុធារស ធ្លាក់ចុះទៅក្នុងក្តីអស់សង្ឃឹមយ៉ាងខ្លាំង ហើយបាននាំគ្នាទៅអង្វរឲ្យព្រះអង្គផ្តាច់ទំនាក់ទំនងស្នេហានេះវិញ ដើម្បីចៀសវាងកុំឲ្យពួកមន្ត្រីបារាំង និងពួកគហបតីមួយចំនួនសើចចំអកតទៅទៀត។ តែទោះបីជាយ៉ាងណា ក៏ព្រះមាតាស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន សព្វព្រះទ័យចំពោះអ្នកម្នាង ផាត់កាញ៉ុល នេះដែរ។

ដោយពុំមានមធ្យោបាយអ្វីអាចពន្លត់ភ្លើង ស្នេហ៍ព្រះមហាក្សត្រសីហនុ និងនាដការិនីរបាំព្រះរាជទ្រព្យផាត់ កាញ៉ុល ដែលកំពុងឆាបឆេះយ៉ាងសន្ធោរសន្ធៅបាន លោកទេសាភិបាលជាន់ខ្ពស់ ធីបូដូ បានរៀបចំឲ្យមានព្រះរាជដំណើរទស្សនកិច្ចរយះពេលវែងមួយ ទៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេស លើកលែងតែខេត្តមួយចំនួន ដែលសៀមដណ្តើមយកទៅថ្មីៗ ដូចជាខេត្តបាត់ដំបង សៀមរាម និងកំពង់ធំជាដើម គឺក្នុងគោលបំណងបន្លប់ព្រះអង្គ ឲ្យដកព្រះទ័យពីអ្នកម្នាងកាញ៉ុល នោះវិញ ដោយមានវត្តមានលោកទេសាភិបាលជាន់ខ្ពស់ធីបូដូ ជាអ្នកតាមដង្ហែព្រះរាជដំណើរផ្ទាល់។
គ្រប់ភូមិស្រុកដែលព្រះអង្គយាងកាត់ ប្រជាកសិករប្រុសស្រីក្មេងចាស់ជាកូនចៅបាននាំគ្នាយកដង្វាយដូចជាអង្ករ ផ្លែឈើ ផលិតផលសិប្បកម្ម រហូតដល់មានទៀនធូបផង មកថ្វាយព្រះអង្គ។

ចំណែកពួកទេសាភិបាលបារាំង ដែលគ្រប់គ្រងតាមបណ្តាខេត្តនានា បានរៀបចំទទួលព្រះអង្គយ៉ាងណាអធិកអធម ដើម្បីធ្វើឲ្យព្រះអង្គមានព្រះទ័យសប្បាយរីករាយ និងគង់ស្នាក់នៅប្រកបដោយផាសុកភាព។ ពួកគេបានរៀបចំបន្ទប់ប្រណីតៗ និងម្ហូបអាហារបារាំងយ៉ាងផ្ចិតផ្ចង់បំផុត។ ជាមួយគ្នានោះ ភរិយារបស់លោកទេសាភិបាលខេត្តខ្លះ មានសម្រស់ស្រស់ប្រិមប្រិយបាននាំគ្នាមកនៅជុំវិញព្រះអង្គ។ ព្រះអង្គសព្វព្រះទ័យជួបលោកទេសាភិបាលរ៉ូមាំង និងភរិយា និងធ្លាប់ជាមិត្តភក្តិជិតស្និទ្ធរបស់ព្រះបិតាព្រះមាតាព្រះអង្គ ។
ក្នុងព្រះរាជដំណើរនោះ លោកធីបូដូ បានរៀបចំឲ្យមានកម្មវិធីជាច្រើនបែបនេះ គឺក្នុងបំណងធ្វើយ៉ាងណាឲ្យព្រះអង្គបំភ្លេចអ្នកម្នាង កាញ៉ុល ឲ្យបាន។ ប៉ុន្តែគួរឲ្យសោកស្តាយ ពេលត្រលប់ចូលមកដល់ព្រះបរមរាជវាំងវិញ ភ្លើងស្នេហ៍នោះកាន់តែឆាបឆេះជាងមុនទៅទៀត៕