ខេត្តពោធិ៍សាត់៖ បុរសជំនាញអាររំលំដើមឈើម្នាក់ ខណៈកំពុងព្យាយាមអារផ្ដាច់ចេញពីគុល ស្រាប់តែដើមឈើរលំសង្កត់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័ ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧ និង០០នាទី ព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅតំបន់ព្រៃខ្នងភ្នំសារ៉ាយ ជាដែនសមត្ថកិច្ចមន្រ្តីបរិស្ថាន ត្រង់ចំណុចរាំងខ្វាវ ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ។

ជនរងគ្រោះឈ្មោះ លឹម សុភឿន ហៅចក់ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសចំនួន ២នាក់ក្នុងគ្រួសារ បច្ចុប្បន្ន រស់នៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ។

ឈ្មោះ គៀប ភាព ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ ជាឪពុករបស់ជនរងគ្រោះ បានប្រាប់រៀបរាប់សមត្តកិច្ចនគរបាលថា មុនពេលកើតហេតុ កូនប្រុសរបស់គាត់ បានទៅអារដើមផ្ចឹក១ដើមនៅចំណុចកើតហេតុ ក្នុងបំណងយកមកអារជ្រៀកធ្វើផ្ទះ។ លុះពេលដើមផ្ចឹកនោះដួលរលំវាគងទៅមែកឈើ១ដើមនៅក្បែគ្នា ក៍វ័ធបកត្រឡប់មករកជនរងគ្រោះ ខណៈនោះជនរងគ្រោះព្យាយាមហក់គេចដែរ តែជាអកុសលជំពុបជើងដួលផ្កាប់មុខលើថ្ម បណ្ដាលឲ្យដើមផ្ចឹកនោះសង្កត់ស្លាប់ភ្លាមៗតែម្ដង ។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារបាននាំគ្នាយកសពមកផ្ទះ ហើយសមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ និងបានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕