ខេត្តក្រចេះ៖ សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ ឃាត់ខ្លួនបុរសជាឪពុកមាសាច់ថ្លៃម្នាក់ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នំា២០១៩ ករណីចាប់រំលោភក្មួយស្រី ដែលមិនទាន់គ្រប់អាយុ ចំនួន៤នាក់ បានសម្រេចជាបន្តបន្ទាប់ជាច្រើនឆ្នាំមកហើយ តែទើបបែកធ្លាយថ្មីៗនេះ។
ជនសង្ស័យ ឈ្មោះ អេង លីម៉េង អាយុ៥១ឆ្នាំ មានទីលំនៅភូមិព្រែក ប្រសព្វកណ្ដាល ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ។


ជនម្នាក់នេះជាឪពុកមាសាច់ថ្លៃរបស់ក្មេងស្រីរងគ្រោះទាំង៤នាក់ ដោយម្តាយរបស់ពួកគេ ត្រូវជាប្អូនស្រីបង្កើតរបស់ប្រពន្ឋជនសង្ស័យ។


ក្មេងស្រីរងគ្រោះទាំង៤នាក់ ក្នុងនោះមាន៣នាក់ជាបងប្អូនបង្កើត មានអាយុចាប់ពី១២ ដល់១៧ឆ្នាំ និងម្នាក់ទៀតជាបងប្អូនជីដូនមួយមានអាយុ១៥ឆ្នាំ។ ពួកគេខ្លះកំព្រាម្តាយ និងខ្លះកំព្រាឪពុក បានរស់នៅជាមួយម្តាយធំ និងជាប្រពន្ឋជនសង្ស័យ មានរយះពេលជាច្រើនឆ្នាំមកហើយ។


មន្រ្តីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជន នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា ក្មេងស្រីទាំង ៤នាក់ សុទ្ឋតែត្រូវជនសង្ស័យចាប់រំលោភបានសម្រេច អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែពួកគេមិនហ៊ានទម្លាយរឿងនេះឲ្យនរណាដឹងទេ ដោយសារខ្លាចការគំរាមរបស់ជនសង្ស័យ។
ជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនមកសាកសួរ ខណះក្មេងស្រីរងគ្រោះទាំង៤នាក់កំពុងត្រូវបានសមត្ថកិច្ចជួយសង្រ្គោះ៕