ខេត្តកំពត ៖ មនុស្ស៣នាក់ ខណៈដែលកំពុងបើកម៉ូតូ១គ្រឿងឌុបគ្នា ធ្វើដំណើរមិនចាប់អារម្មណ៍ ស្រាប់តែមានរថយន្តសាំងយ៉ុង១គ្រឿង បើកបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យសម្លាប់ទាំង៣នាក់ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១១៨-១១៩ ស្ថិតក្នូងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-0823 អ្នកបើកបរឈ្មោះ ឆែម ដារ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិឈើនី ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ បានបន្ថែមល្បឿនបើកជែងរថយន្ត១គ្រឿង ហើយខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងម៉ូតូម៉ាក EXCANTER ពណ៌ខ្មៅ ពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូចំនួន៣នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកវត្ថុតាង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដងទង់។ ចំណែក សពជនរងគ្រោះទាំង៣នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ហើយសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិ ដើម្បីមកទទួលដឹកសពជនរងគ្រោះយកទៅរៀបចំចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕