ខេត្តសៀមរាប៖ ជនសង្ស័យជាចោរលួចគាស់ផ្ទះ និងទូដែកយកលុយអស់ជិត៣ម៉ឺនដុល្លារ នៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប កាលពីខែកក្កដា កន្លងទៅនោះ ត្រូវសមត្ថកិច្ចបានឃាត់ខ្លួនបានហើយ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឪ វន ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ។ ចំណែកជនសង្ស័យ ឈ្មោះ តែល ផាន់នី ហៅ នី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបន្ដថា ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប បានបើកការស្រាវជ្រាវ នៅបរិវេណកន្លែងកើតហេតុ នឹងបានកំណត់មុខសញ្ញាជនសង្ស័យ ។


លុះដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង០០នាទី ខណៈកម្លាំងនគរបាលក្រុងសៀមរាប កំពុងល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញរថយន្តមួយគ្រឿង ម៉ាកហាយឡិនដ័រ ព៌ណទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1AS 7428 ដូចនឹងភិនភាគរថយន្ត ដែលជនសង្ស័យជិះធ្វើសកម្មភាពខាងលើ ក៏បានតាមឃ្លាំមើល រហូតដល់ពេលព្រលប់ រថយន្តនេះបានបើកទៅឈប់ នៅខាងមុខសណ្ឋាគារ តាន់កង ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កម្លាំងនគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួន និងនាំជនសង្ស័យដែលជិះក្នុងរថយន្តនេះ មកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រព្រឹត្តអំពើដូចខាងលើប្រាកដមែន ចំណែកឯទ្រព្យសម្បត្តិ និងលុយ ដែលលួចបាន រូបគេបានយកទៅលក់ដើរចាយអស់ហើយ ជនសង្ស័យ និងវត្ថុតាង រថយន្តមួយគ្រឿង ម៉ាកហាយឡិនដ័រ ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AS 7428 ត្រូវបាននគរបាលព្រហ្មទណ្ឌសៀមរាប រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ៕