ខេត្តព្រះសីហនុ ៖ លោកមេប៉ុស្តិ៍នគរបាលឃុំវាលរេញ បានដកកាំភ្លើងបាញ់គំរាមជនសង្ស័យម្នាក់ តែចៃដន្យ គ្រាប់កាំភ្លើងផ្លាតត្រូវស្រ្តីចំណាស់ម្នាក់នៅក្បែរនោះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្រោយផ្សារវាលរេញ លើផ្លូវរថភ្លើង ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ។
ស្ត្រីរងគ្រោះដែលគ្រាប់កាំភ្លើងផ្លាត់ត្រូវស្លាប់ មានឈ្មោះទូច សុខ អាយុ៦០ឆ្នាំ មានទីលំនៅដូចកន្លែងកើតហេតុ។

ចំណែក ខ្មាន់កាំភ្លើង មានឈ្មោះកែ សុខន ភេទប្រុស អាយុ៥១ឆ្នាំ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាលរេញ មានទីលំនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ លោកកែ សុខន បានដឹកនាំកម្លាំង២នាក់ (មន្ត្រីប៉ុស្តិ៍ម្នាក់ និងប្រជាការពារម្នាក់) ដោយយកអាវុធអាការ២ដើម បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន លុះដល់ចំណុចខាងលើបានប្រទះជនសង្ស័យម្នាក់ មានកាន់កាបូបគួរឲ្យសង្ស័យ ក៏ហៅសួរនាំ និងសុំធ្វើការឆែកឆេរ ហើយខណៈពេលកំពុងឆែកឆេរមើលកាបូប ស្រាប់តែជនសង្ស័យនោះ បានរត់គេចខ្លួន ទើបលោកនាយប៉ុស្តិ៍ បានបាញ់ចុះក្រោម ដើម្បីគំរាមជនសង្ស័យមិនឲ្យរត់ តែដឹងអី! គ្រាប់កាំភ្លើងបានផ្លាតទៅត្រូវស្ត្រីរងគ្រោះ ដែលអង្គុយក្បែរនោះ បណ្តាលឲ្យរងរបួសធ្ងន់ ហើយស្លាប់យ៉ាងអាណោចអាធ័ម ពេលបញ្ជូនទៅមន្ទីរពេទ្យ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។


ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថស្រុក បានចុះដល់កន្លែងកើតហេតុភ្លាមៗ តែ ខ្មាន់កាំភ្លើងជាមេប៉ុស្តិ៍ បានរត់គេចខ្លួនបាត់ទៅហើយ តែយ៉ាងណា ពេលនេះ សមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យនាំមកផ្តន្ទាទោសតាមច្បាប់៕