ខេត្តបាត់ដំបង ៖ សំណាងល្អ​ណាស់​! ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នាក់​បាន​ឈឺពោះ​សម្រាល ទើប​ក្រុម​គ្រួសារ​ប្រញាប់​ដឹក​បញ្ជូន​តាម​ម៉ូតូ​សំដៅ​ទៅ​កាន់​មណ្ឌល​សុខភាព ស្រាប់តែ​ធ្វើ​ដំណើរ​បាន​ពាក់​កណ្តាលផ្លូវ ទ្រាំ​លែង​បាន​ក៏​ឈប់​ម៉ូតូ​អែប​ខាង ហៅ​គេឯង​ឱ្យ​ជួយ ត្រូវ​បាន​អ្នកគ្រូ​ពេទ្យ​ម្នាក់ មក​ជួយ​សម្រាល​បានកូន​ប្រុស​ម្នាក់ ប្រកបដោយ​សុវត្ថិភាព ។

ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ ២០១៩ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ​ឈូក ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី ។

ស្ត្រី​ដែល​សម្រាលកូន​តាម​ផ្លូវ​រូប​នេះ មានឈ្មោះ​យឹ​ម សុ​ឃេ​ន អាយុ​៣៨​ឆ្នាំ មាន​ប្តី​ឈ្មោះ អុល (​បាន​រត់​ចោល​ប្រពន្ធ​) និង​មាន​លំនៅ ក្នុង ភូមិ​អូរ​រំចេក ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី ។

តាម​ប្រភព​ពី​សាច់ញាតិ​របស់​ស្ត្រី​អភ័ព្វ​ខាងលើ បាន​រៀបរាប់​ប្រាប់​ថា ស្ត្រី​រូប​នេះ​មាន​វាសនា​អភ័ព្វ​ខ្លាំង​ណាស់ ត្រូវ​ប្តី​ចុះ​ចោល​បាត់​តាំងពី​នាង​ទើបនឹង​មាន​ផ្ទៃពោះ​៤​ខែ មក​ម្ល៉េះ ធ្វើ​ឱ្យ​នាង​ត្រូវ​ពពោះ ខំធ្វើការ​រក​លុយ តែ​ម្នាក់ឯង រហូត​ដល់​ថ្ងៃ​សម្រាល​នេះ ។

ប្រភព​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​សាច់ញាតិ​ថា នាង​ឈឺពោះ​ខ្លាំង​ណាស់ ជិត​សម្រាលកូន​ហើយ ។ ឮ​បែប​នេះ សាច់ញាតិ​ក៏​ប្រញាប់​ទាញ​ម៉ូតូ​ដឹក​ស្ត្រី​រង​គ្រោះ​ចេញពីផ្ទះ សំដៅ​ទៅ​កាន់​មណ្ឌល​សុខភាព ដើម្បី​ឱ្យ​ក្រុម​គ្រូពេទ្យ​ជំនាញ​ជួយ​សម្រាល ប៉ុន្តែ​ចៃដន្យ ពេល​ដឹក​មក​ដល់​ត្រង់​ចំណុច​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ឈប់​ម៉ូតូ​សិន ព្រោះ​នាង​ឈឺពោះ​ខ្លាំង​ណាស់ ទ្រាំ​មិន​បាន​ទៀត​ទេ​! ភ្លាម​នោះ​សាច់ញាតិ​ក៏​អែប​ម៉ូតូ​ឈប់ នៅ​ចិញ្ចើម​ផ្លូវ ស្ថិត​ក្នុង​សភាព​ស្ងាត់​ទៀត​នោះ ក៏​ស្រែកហៅ​ខ្លាំង​ៗ អោយ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​មក​ជួយ ហើយ​គាប់​ជួន ក៏​មាន​អ្នកគ្រូ​ពេទ្យ​ម្នាក់ បាន​ធ្វើ​ដុះ​ណើ​រម​ក​ដល់ ក៏​ចុះ​មក​ជួយ​សម្រាល រហូត​បានកូន​ប្រុស​ម្នាក់​ប្រកបដោយ​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន ។

ក្រោយ​កើតហេតុ ស្ត្រី​ខាងលើ​រួម​នឹង​ទារិកា ទើបនឹង​សម្រាល​ត្រូវ​បាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ជួយ​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​ឃុំ​ព្រែកជីក ដើម្បី​ពិនិត្យ​និង​ថែទាំ ៕