ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ចេញ​ទៅ​រក​គីង្គក់​យក​មក​ធ្វើ​ម្ហូប ដោយសារ​ឃើញ​ពង​គីង្គក់​មើលទៅ​ទំនង ក៏​យក​មក​ចំហុយ​ធ្វើ​ម្ហូប​ហូប​ទាំងអស់ បាន​មួយសន្ទុះ​ក៏​មាន​អាការ ក្អួតចង្អោរ ចំនួន​បី​ដង ក៏​បាន​ដាច់ខ្យល់​ស្លាប់​ខណៈ​ស្ត្រី​ជា​ប្រពន្ធ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។
ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​កោះ​កែវ​ក្រោម ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ផ្នែក​កោសល្យវិច័យ ស្រុក​ល្វាឯម បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ គង់ សុ​ភ័​ក្ត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​កសិករ ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ក្រោយ​ធ្វើការ​ពិនិត្យ​ដោយ​សន្និដ្ឋាន​ថា ករណី​នេះ​បណ្ដាល​មក​ពី​ជន​រង​គ្រោះ​ហូប​ពង​គីង្គក់ ទើប​បណ្ដាល​ឲ្យ​ពុល​ស្លាប់​បែប​នេះ ។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ ទៅ​រក​ចាប់​គីង្គក់ នៅ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន ដើម្បី​យក​មក​ធ្វើ​ម្ហូប ពេល​ចាប់​បាន​គីង្គក់​ហើយ ជន​រង​គ្រោះ​បាន​យក​គីង្គក់​នោះ មក​ធ្វើ​ម្ហូប ដោយ​មិន​បាន​យក​ពង​គីង្គក់​នោះ​ទៅ​ចោល​នោះ​ទេ គឺ​ទុក​នៅ​ក្នុង​ចាន​រួច​ហើយ​យក​ទៅ​ចំហុយ ហើយ​ហូប​បាន​មួយសន្ទុះ​ក្រោយមក ជន​រង​គ្រោះ​ក៏​មាន​អាការ ក្អួត​បី​ទៅ​បួន​ដង ភ្លាម​ៗ​នោះ​ស្ត្រី​ជា​ប្រពន្ធ បាន​នាំ​ជន​រង​គ្រោះ​ទៅ​មណ្ឌល​សុខភាព​ឃុំ​សំបួរ ដើម្បី​សង្គ្រោះ តែ​ជា​អកុសល ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅ​ហើយ ។

បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕