ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះទឹកជំនន់ទឹកភ្លៀង និងរលកសមុទ្រចាប់ពីថ្ងៃទី ១៥ ដល់ ១៩ ខែកញ្ញា ឆ្នាំ ២០១៩ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។

តាមការបញ្ជាក់​ បានឲ្យដឹងថាអនុលោមតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៩ ចុះថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីការបន្តវិធានការត្រៀមទប់ទល់ នឹងគ្រោះទឹកជំនន់ ។

ផ្អែកលើសភាពការណ៍ជាក់ស្តែងនៃការវិវត្តអាកាសធាតុពាក់ព័ន្ធ នឹងឥទ្ធិពលនៃប្រព័ន្ធសម្ពាធ ទាប (ITCZ) ដែលបានអូសបន្លាយកាត់លើប្រទេស ថៃ ឡាវ និងវៀតណាមហើយដែល បច្ចុប្បន្ន បានរំកិលចុះមកក្រោមកាត់លើកម្ពុជាក្នុងរយៈពេល ០២-០៣ថ្ងៃខាងមុខនេះ ។

ស្ថានភាពបែបនេះធ្វើឲ្យ

១- ចាប់ពី ថ្ងៃទី ១៦-១៩ ខែកញ្ញា នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណកើនឡើងជា លំដាប់ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ដែលអាចបណ្តាលឲ្យបណ្តាខេត្តមួយចំនួនប្រឈម នឹង ជំនន់ទឹកភ្លៀង ។

២- ចាប់ពីថ្ងៃទី១៥-១៩ ខែកញ្ញា បណ្តារាជធានី-ខេត្ត ដែលអាចប្រឈមខ្ពស់ នឹងជំនន់ទឹកភ្លៀង មាន ៖ រាជធានី ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់ ព្រៃវែង ស្វាយ រៀង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តនៅជាប់មាត់សមុទ្រ ។

ក្រសួងបានបញ្ជាក់ថាអាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជូនជ្រាប ជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ទឹកជំនន់ និងរលកសមុទ្រ ៕