ខេត្តកណ្តាល​ ៖ រថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿង បើកបោះពួយយ៉ាងលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូ១គ្រឿងពីក្រោយ បណ្តាលឲ្យបុរសជិះម៉ូតូ២នាក់ស្លាប់នៅកន្លែងកើតហេតុមួយរំពេច យ៉ាងអាណោចអាធ័ម។


ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១៩ និង១៤នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ២៦-២៧ ស្ថិតក្នុងភូមិ ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ។


សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្ក ម៉ាកHYUNDAI ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣C-៦៣៤១ ប្រភេទរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន (ភ្នំពេញ ពេញចិត្ត)បើកបរក្នុងទិសដៅពីត្បូងទៅជើង(ភ្នំពេញ-កំពង់ឆ្នាំង) (អ្នកបើកបររត់គេចខ្លួន) លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម C ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១K-៤៥៩៦ ដែលកំពុងបើកបរក្នុងទិសដៅ (ស្របគ្នា) បណ្តាលឲ្យស្លាប់អ្នកបើកបរ និងអ្នករួមដំណើរនៅកន្លែងកើតហេតុតែម្តង ។


ប្រភពបន្តថា ជនរងគ្រោះជាអ្នកបើកបរម៉ូតូមានឈ្មោះផាន់ រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងប្រសប់ ឃុំរាម ស្រុករមាសហែក និងអ្នករួមដំណើរមានឈ្មោះ សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅជាមួយគ្នា។


ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះធ្វើការការវាស់វែងកន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់សពជូនទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រៀងៗខ្លួន។ ចំណែក ឯមធ្យោបាយពាក់ព័ន្ធសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះទាំង២ និងចាត់ការតាមផ្លូវច្បាប់បន្ត៕