ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ តទៅ បិទចរាចរណ៍ នាវា ជលយាន ជលយានយន្ត គ្រប់ប្រភេទតាមផ្លូវទឹកទន្លេមេគង្គ ផ្អាកជាបណ្ដោះអាសន្ន នៅចំណុចស្ពានព្រែកតាមាក់ ក្នុងស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ខេត្តកណ្ដាល រហូតដល់មានសេចក្ដី ជូនដំណឹងជាថ្មី។

យោងតាមសេចក្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល កាលពីថ្ងៃទី១២ កញ្ញា បានឲ្យដឹងថា “សាធារណជន សហគ្រាស សាធារណៈ ក្រុមហ៊ុន ម្ចាស់អាជីវកម្ម ដឹកជញ្ជូន តាមនាវាទាំងអស់មេត្តាជ្រាបថា ដោយមានឧបទ្ទវហេតុសាឡង់ដឹកខ្សាច់ជាប់គាំង នៅសសរស្ពានព្រែកតាមាត់ ហើយក្រុមការងារខាងបច្ចេកទេសកំពុងធ្វើការជួយសង្គ្រោះ ដូចនេះ មន្ទីរសាធារណការ សូមធ្វើការបិទចរាចរណ៍ នាវា”។

សូមរំលឹកថា កាលពីថ្ងៃទី៨ កញ្ញា នៅចំណុចភូមិសាស្រ្ត ស្រុកមុខកំពូល ខេត្តកណ្តាល មានករណីសាឡង់ដឹកខ្សាច់មួយគ្រឿង បើកបរដោយឈ្មោះ ភា រម្យ ភេទប្រុស អាយុ៣៩ឆ្នាំ រួមដំណើរដោយប្រពន្ធ និងកូនធ្វើដំណើរតាមបណ្តោយខ្សែទឹកពីត្បូងទៅជើង បានបើកបុកសសរស្ពានទី៨នៃស្ពានព្រែកតាមាក់ ទើរជាប់នឹងសរសេរ ដោយសារបើកគេចពីនាវាទេសចរណ៍មួយគ្រឿងទៀត មានផ្ទុកមនុស្សច្រើនបើកបញ្ជ្រាសទិសគ្នាពីត្បូងទៅជើង ហើយត្រូវបានជួយសង្គ្រោះដោយទូកនេសាទរបស់បងប្អូនខ្មែរឥស្លាម៕