ខេត្តកោះកុង ៖ បុរស២នាក់ពូក្មួយបានទិញស្រាមកព័ទ្ធវង់ផឹកស្រាជាមួយគ្នាយ៉ាងសប្បាយរីកថ្លើមប្រមាត់ លុះពេលស្រវឹងធ្លាក់ភ្នែក ស្រាប់តែទាក់ពាក្យសម្តីគ្នាក្តៅគគុក រហូតធ្វើឲ្យបុរសជាពូផ្ទុះកំហឹង ស្ទុះទៅទាញពូថៅកាប់ប្រហារបុរសជាក្មួយ បណ្តាលឲ្យរងរបួសធ្ងន់ប៊ិះក្ស័យជីវា ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។

ករណីអំពើហិង្សាពូយកពូថៅកាប់ក្មួយប្រុសប៊ិះស្លាប់នេះ បាននៅវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល។
ជនដៃដល់មានឈ្មោះផល ប៊ុនផង់ (ហៅ ង៉ែត) ភេទប្រុស អាយុ២៧ឆ្នាំ (ត្រូវជាពូ) រីឯជនរងគ្រោះ មានឈ្មោះកាន់ ឃា ភេទប្រុស អាយុ១៧ឆ្នាំ (ត្រូវជាក្មួយ) រស់នៅក្នុងមូលដ្ឋានខាងលើជាមួយគ្នា។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះ និងជនសង្ស័យជាពូ បានទិញស្រាមកព័ន្ធវង់ជាមួយគ្នាយ៉ាងសប្បាយរីករាយ លុះពេលស្រវឹង ស្រាប់តែមារក្មួយពួកគេ ទាក់ពាក្យសម្តីនឹងគ្នា ធ្វើឲ្យបុរសជាពូផ្ទុះកំហឹង ស្ទុះទៅទាញពូថៅកាប់ជនរងគ្រោះត្រូវចំក្បាល រងរបួសធ្ងន់ ត្រូវសាច់ញាតិបញ្ជូនទៅព្យាបាលភ្លាមៗ នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល តែក្រោយមក ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅព្យាបាលឯរាជធានីភ្នំពេញ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ធ្វើការចាប់ខ្លួនជនសង្ស័យនាំមកសាកសួរនៅអធិការដ្ឋានគរបាលស្រុកស្រែអំបិល ធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕