ខេត្ត​ស្រះ​កែវ​,​ប្រទេស​ថៃ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើតឡើង ខណៈ​រថយន្ត​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​៥​នាក់បាន​ស្លាប់ភ្លាមៗ និង​របួសធ្ងន់​-​ស្រាល​៧​នាក់​ទៀត ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៤នាក់ ផងដែរ ។

សោកនាដកម្ម​នេះ​បាន​កើតឡើង​លើ​ទឹកដី​ថៃ ជាប់​ព្រំដែន​ខ្មែរនា​ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង​១០​និង​២៤​នាទី​ព្រឹក ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​មុខ​វត្តណូ​ន​ជិ​ក ឃុំ​វ​ឌ្ឍ​នា​ណា​ក់​ខន ស្រុក​វ​ឌ្ឍ​នា​ណា​ក់​ខន ខេត្ត​សា​កែវ (​ស្រះ​កែវ​) ។

បើ​តាម​មន្ត្រី​ស្ថាន​អគ្គ​កុងស៊ុល ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ប្រចាំ​ខេត្ត​សា​កែវ​(​ស្រះ​កែវ​) ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បានអោយ​ដឹង​ជាបឋម​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​ប្រភេទ​វ៉ែន​មួយ​គ្រឿង ពណ៌​ស ស្លាក​លេខ បាងកក ៣៣-៤៩៣៣ ដែល​បើកបរ​ដោយ​ជនជាតិ​ថៃ បាន​ដឹក​អ្នកដំណើរ​មួយ​ក្រុម ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​១០​នាក់(​ជា​ទេសចរណ៍ និង​អ្នកជំងឺ​) ដែល​ទើបតែ​ចេញពី​មន្ទីរពេទ្យ នៅ​ក្រុង​បាងកក ឆ្ពោះ​មក​កាន់​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ពណ៌​ទឹកប៊ិច ម៉ាក Toyota Camery ពាក់​ស្លាក​លេខ សា​កែវ ក​ខ​-៣៧៨៩ ជិះ​មក​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា បាន​បែក​កង់រេ​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ពលរដ្ឋ​ខ្មែរ​ពេញទំហឹង​តែ​ម្តង ។

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ សរុប​ចំនួន​៥​នាក់ និង​រង​របួស​៧​នាក់ទៀត ។ ជន​រង​គ្រោះ​ដែល​ស្លាប់​រួម​មាន​ខ្មែរ​ចំនួន​៤​នាក់ (​ស្ត្រី​៣​នាក់ និង​ក្មេង​ប្រុស​ម្នាក់​) និង​តៃកុង​ម្នាក់​ទៀត បើករថយន្ត​វ៉ែន​ដែល​ជា​ជនជាតិ​ថៃ ក៏​បាន​ស្លាប់​ភ្លាមៗនៅនឹងកន្លែង​ ។ ចំណែក​អ្នក​រង​របួស​៧​នាក់​ផ្សេង​ទៀត គឺ​៤​នាក់​រង​របួសស្រាល និង​៣​នាក់​រង​របួសធ្ងន់ កំពុង​ទទួល​ការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ក្នុង​នោះ​មាន​អ្នកបើកបរ​រថយន្ត​ទេសចរណ៍ ពណ៌​ទឹកប៊ិច កំពុង​សន្លប់​មិន​ទាន់​ដឹងខ្លួន​នៅឡើយ ។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​៤​នាក់ ដែល​រងគ្រោះ​​រហូត​បាត់​បង់ជីវិត​នោះ គឺជា​មក​ពី​ភូមិ​គោក​ព្រិច ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដែល​មាន​រាយ​នាមដូច​ខាងក្រោម ៖
ទី​១​ឈ្មោះ អោ​ក លី​ម ភេទ​ស្រី អាយុ ៥១​ឆ្នាំ
ទី​២​ឈ្មោះ ជួង ស៊ី​ញី​ន ភេទ​ស្រី អាយុ ១៦​ឆ្នាំ
ទី​៣​ឈ្មោះ ជួង ចាន់​នី​ន ភេទ​ស្រី អាយុ ១៧​ឆ្នាំ
និង​ទី​៤​ឈ្មោះ ជួង ឡៃ​អ៊ិ​ន ភេទ​ប្រុស អាយុ ១១​ឆ្នាំ ។

ទោះជា​យ៉ាងណា ក្រុម​មន្ត្រី​ខ្មែរ​ បាន​ចុះ​ទៅ​ជួប​ជន​រង​គ្រោះជា​ពលរដ្ឋ​ខ្មែរ​ផ្ទាល់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ថៃ ហើយ​បាន​និង​កំពុង​សហការ​ជាមួយ​សាច់ញាតិ​សព​ជន​រង​គ្រោះ ព្រមទាំង​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​រៀបចំ​បែបបទ​នាំ​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​កម្ពុជា​វិញ ៕