ខេត្តពោធិ៍សាត់៖  ស្ត្រីជើងខ្លាំងម្នាក់ក្រោយពីផឹកស្រាស្រវឹងបានកើតមានជម្លោះជាមួយប្តី រហូតផ្ទុះកំហឹងយកកាំបិតស្ទុះទៅចាក់បុរសជាប្តី បណ្តាលឲ្យធ្លាយពោះវៀនចេញមកខាងក្រៅទ្រេលគួររន្ធត់ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍ប្រពន្ធចាក់ប្តីធ្លាយពោះ របួសធ្ងន់នេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩  នៅផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ។

ស្រ្តីជើងខ្លាំងចិត្តហ៊ានដៃដល់នេះមានឈ្មោះ ផល្លី អាយុ៣៩ឆ្នាំ មុខរបរជាកសិករ ។ ចំណែក បុរសរងគ្រោះជាប្តី មានឈ្មោះ សុខ ខន អាយុ៤៨ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ។

លោក ធេង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងថា បានឲ្យដឹងថា មុនពេលកើតហេតុ ស្រី្តដៃដល់ជាប្រពន្ធបានផឹកស្រាស្រវឹងជោកជាំ  ហើយបានប្រើពាក្យសម្ដីមិនសាកសមទៅលើប្ដី រហូតឈានដល់ការទាស់ពាក្យសម្តីគ្នា ពេលនោះស្រ្តីដៃដល់បានយកកាំបិតខ្លីចាក់ទៅលើបុរសជាប្ដី បណ្ដាលឲ្យរងរបួសធ្លាយពោះវៀនផ្នែកខាងឆ្វេងដៃ រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះជីវិត។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅធ្វើការឃាត់ខ្លួនស្រ្តីដៃដល់ រួចបញ្ជូនទៅអធិការនគរបាលស្រុកវាលវែង ដើម្បីធ្វើការសាកសួរ និងកសាងបញ្ជូនទៅស្នងការនគរបាលខេត្តពោធិ៍សាត់   ចាត់ការតាមនីតិវិធី៕